ពោធិ៍សាត់ ៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល១៨ និង១៥នាទី មានប្រជាពលរដ្ឋមកដាក់បណ្ដឹង ករណីលួចសម្ភារៈបូមទឹក នៅចំណុចចំការស្វាយតាកោ ស្ថិតនៅក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ជនរងគ្រោះឈ្មោះ ជន តុងរៀម ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្ដឹងភ្លាម លោកអធិការ បានបញ្ជាលោកអធិការរងទទួលការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សា ចុះទៅកន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ៖ ១-ឈ្មោះ ឡាំ សេន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយអាត់ ឃុំស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាម្ចាស់រថយន្ត(គ្មានសារធាតុញៀន)។ ២-ឈ្មោះ ម៉ក សុខប៉េ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្កោលធំ ឃុំ អន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាកម្មករ(គ្មានសារធាតុញៀន)។ ៣-ឈ្មោះ សិដ្ឋ លឹម ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយអាត់ ឃុំស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាតៃកុងឡាន(គ្មានសារធាតុញៀន) និងវត្ថុតាងរួមមាន ៖ រថយន្ត ០១គ្រឿង ម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-2046, ពោងបណ្ដែតទឹកចំនួន ៦, ដែកសន្លឹក ១ដើម, ទុយោបូមទឹក ២ដើម, ក្តារពុម្ភ ២បន្ទះ។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំនីតិវិធីបញ្ជូនទៅការិយាល័យជំនាញ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
