ពោធិ៍សាត់ ៖ អុំប្រុសអាយុ៦៤ឆ្នាំ មួយនាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជួបឧបទ្ទវហេតុ ជិះម៉ូតូប្រើប្រាស់ល្បឿនលឿន បុករថយន្តនៅផ្លូវបំបែកជាបួន ករណីកើតឡើងនៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន អុំប្រុស០១នាក់ ជិះម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1M-0666 ធ្វើដំណើរក្នុងទីសដៅពីកើតទៅលិច ប្រើប្រាស់ល្បឿនលឿន មកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត រថយន្តម៉ាកHILUX VIGO ពណ៌ស ផ្លាកលេខភ្នំពេញ2AC-7389 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បណ្តាលអ្នកបើកបរម៉ូតូដែលកំពុងប្រើប្រាស់ល្បឿនលឿន គេចមិនទាន់បុករថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូខាងលើ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា កត្តាដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះឡើយ មកពីអ្នកបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿន តុល្យភាពនៃការខូចខាត ស្លាប់មនុស្ស០១នាក់ ខូចម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿង ។ លោកអធិការរង បានបន្តថា ជនរងគ្រោះមានឈ្មោះ កង ចាន់ធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិធ្នួសតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួន បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកមកដំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រងចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ និងរថយន្ត សមត្ថកិច្ចបានយកមករក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

