សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការងារបន្តពង្រឹងកិច្ចគាំពាដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន

0

ជប៉ុន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានណែនាំឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យធ្វើការសិក្សា និងពិភាក្សាជាមួយភាគីជប៉ុន ក្នុងការបន្តជួយគាំពា និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន។ សម្តេចធិបតីមានប្រសាសន៍ដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត ពលករ និងកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុន។

ដោយមានការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅ និងធ្វើការប្រទេសជប៉ុន សម្តេចធិបតីបានណែនាំឱ្យក្រសួងការងារត្រូវរៀបចំបង្កើត និងដាក់ដំណើរការមជ្ឈមណ្ឌលគាំពាពលករកម្ពុជានៅខេត្តកាណាកាវ៉ាក្នុងឆ្នាំ២០២៤ ខាងមុខនេះដើម្បីផ្តល់ការប្រឹក្សាយោបល់ និងសម្របសម្រួលដោះស្រាយបញ្ហាដល់បងប្អូនជាកម្មសិក្សាការី និងពលករជំនាញខ្មែរដែលកំពុងធ្វើការនៅប្រទេសជប៉ុន។

 

ក្នុងជំនួបនោះដែរ សម្តេចធិបតីក៏បានធ្វើការណែនាំឱ្យក្រសួងការងារពិនិត្យមើលលទ្ធភាពក្នុងការរៀបចំបន្ថែមនូវអនុព័ន្ធការងារបន្ថែមទៀតនៅជប៉ុន ដើម្បីជួយសម្របសម្រួលការងារ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន

សម្តេចក៏មានប្រសាសន៍ទៅកាន់បងប្អូនខ្មែររស់នៅប្រទេសជប៉ុនថា៖ «រាជរដ្ឋាភិបាលសូមអរគុណ ព្រមប្តេជ្ញាចិត្តខិតខំគាំពា ថែរក្សា និងដោះស្រាយបញ្ហាអ្វីដែលមានជាបន្តបន្ទាប់ទៀតដើម្បីជួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនទៅតាមលទ្ធភាពដែលអាចធ្វើបានឱ្យជាប់ជាប្រចាំ។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មសិក្សាការីខ្មែរដែលមកធ្វើការនៅប្រទេសជប៉ុន សម្តេចធិបតីបានបន្តណែនាំឱ្យក្រសួងការងារត្រូវពិនិត្យលទ្ធភាពក្នុងការចចារជាមួយភាគីជប៉ុន ដើម្បីខិតខំជម្រុញឱ្យមានការអនុញ្ញាតិឱ្យកម្មសិក្សាការីផ្លាស់ប្តូរការងារអំឡុងពេលធ្វើការក្នុងកម្រិតណាមួយដោយមិនប៉ះពាល់ដល់និយោជកជប៉ុន។

គូសបញ្ជាក់ផងដែរថា ពិធីជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត ពលករ និងកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុននេះ គឺស្របពេលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខូបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន៕

ប្រភព៖ AKP