ជប៉ុន៖ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ KAMIKAWA yoko រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកបន្ថែម នូវទំនាក់ទំនងទ្វេភាគីង និងកិច្ចសហប្រតិបត្តិការពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៣។
ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានជំនួបទ្វេភាគីជាមួយលោកជំទាវ កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅទីស្ដីការក្រសួងការបរទេសជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ។
លោកជំទាវ កាមិកាវ៉ា យ៉ូកុ បានសម្តែងនូវអំណរគុណចំពោះឯកឧត្ដម សុខ ចិន្តាសោភា ដែលបានចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ខណៈដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរចំពោះប្រទេសជប៉ុន ដែលបានធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ដ៏សំខាន់នេះដោយជោគជ័យ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានរម្លឹកអំពីជំនួបប្រកបផ្លែផ្កាតាមទូរស័ព្ទ កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ និងទទួលស្គាល់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា និងជប៉ុន ដោយសារជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួនផង និងជាឆ្នាំដែលប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ផង ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកបន្ថែម នូវទំនាក់ទំនងទ្វេភាគីង និងកិច្ចសហប្រតិបត្តិការពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ រួមមាន វិស័យទយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ការបាសសម្អាតមីន ប្រតិបត្តិការក្សាសន្តិភាព ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍឌីជីថល និងសន្តិសុខអ៊ីនធឺណិត។ ភាគីទាំងពីរក៏បានអបអរសាទរចំពោះ ជោគជ័យនៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី១ រវាងក្រសួងការបរទេសទាំងពីរ កាលពីខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំនេះឱ្យបានទៀតទាត់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងជំនួយ និង ការគាំទ្រដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងជប៉ុននិងកម្ពុជា រដ្ឋមន្ត្រីទាំងពីរ ទន្ទឹងរង់ចាំលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំអន្តរក្រសួងកម្ពុជា-ជប៉ុន ដែលគ្រោងរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីក្រុងភ្នំពេញ នៅដើមឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងគោលនយោបាយជំនួយសម្រាប់កម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ ២០២៤-២០២៨។ លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ និងអាស៊ាន-ជប៉ុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាពាក់ព័ន្ធបញ្ហាតំបន់ និងអន្តរជាតិដែលជា ក្តីបារម្ភរួម ដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងខាងកើត កូរ៉េខាងជើង និង ជម្លោះអីស្រាអែល-ហាម៉ាស់ ជាដើម៕
ប្រភព៖ AKP