រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្ដេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ឱ្យបានកាន់តែខ្លាំងក្លា

0

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានប្រកាសបង្កើនកិច្ចសហការ ជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត ដោយរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំងនោះឱ្យបានកាន់តែខ្លាំងក្លា ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ ។

​ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមថា ក្រុមទុច្ចរិត និងបណ្តាញរបស់ពួកគេ បានព្យាយាមរិះរកគ្រប់មធ្យោបាយ និងគ្រប់កលវិធីបង្កើតនូវបទល្មើសថ្មីៗ ព្រមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ទាក់ទាញជនរងគ្រោះ ឱ្យធ្លាក់ក្នុងកលល្បិចទុច្ចរិត ដើម្បីបម្រើឱ្យមហិច្ឆតារបស់ខ្លួន ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ ទាំងក្នុងនិងក្រៅប្រទេស ។ ទោះបីយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងរិះរកគ្រប់វិធានការ និងវិធីសាស្ត្រ ដើម្បីការពារប្រជាពលរដ្ឋ ពីបទល្មើសដ៏ស្មុគស្មាញនេះផងដែរ ។

 

​ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលនឹងពង្រឹងលើការប្រយុទ្ធប្រឆាំង និងអំពើជួញដូរមនុស្ស ដោយអនុវត្តន៍យុទ្ធសាស្ត្រសំខាន់ៗទាំង ៤ដែលរួមមាន៖ ពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងនិងក្រៅប្រទេស លើកកម្ពស់ការទប់ស្កាត់នូវរាល់ទម្រង់ នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ ។ រដ្ឋាភិបាលនឹងពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងបង្កើនកិច្ចការពារជនរងគ្រោះ ជាពិសេសស្ត្រីនិងកុមារ ៕

ប្រភព៖ AKP