ភ្នំពេញ៖ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោក ចូ សឺអឺ (JO SCHEUER) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះ រាជាណាចក្រកម្ពុជា ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរចុងសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ។
នៅក្នុងជំនួបនេះ ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណនូវកិច្ចខិតខំប្រឹងប្រែង ចំពោះ លោក JO SCHEUER ដែលបានបំពេញបេសកកម្ម ប្រកបដោយជោគជ័យនៅកម្ពុជា របស់លោក កន្លងមក ។ នេះជាការរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជាជា មួយអង្គការសហប្រជាជាតិកាន់តែទូលំទូលាយ ជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ព្រមទាំងបាន ពង្រឹងសាមគ្គីភាព ប្រកបដោយភាពបត់បែន ទន់ភ្លន់ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណចំពោះលោក JO SCHEUER ដែលតែងតែទទួល ស្គាល់ពីការអភិវឌ្ឈរីកចម្រើន និងស្ថានភាពពិតនៅកម្ពុជា យកទៅជម្រាបជូនបណ្តាប្រទេសនានា នៅលើសកលលោក ។ ជាមួយគ្នានេះលោកតែងតែផ្ដល់វត្តមានអញ្ជើញចូលរួម និងបង្ហាញពីការគាំទ្រ យកចិត្តទុកដាក់របស់លោកក្នុងពិធីជូន និងទទួលដំណើរនិវត្តន៍កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលចេញទៅបំពេញបេសកកម្ម និងបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ។

នៅក្នុងជំនួបនេះលោក JO SCHEUER បានកោតសរសើរចំពោះគំរូវីរភាពរាជរដ្ឋាភិបាល ដែល ជាអ្នកដឹកនាំក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមក ។ លោកក៏បានលើកឡើងពីកិច្ចការគាំទ្ររបស់ អង្គការសហប្រជាជាតិនៅកម្ពុជា ដោយអង្គការសហប្រជាជាតិបានធ្វើការយ៉ាងសកម្ម ក្នុងការ ធានានិរន្តភាព និងស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ។ ជាពិសេសខិតខំធ្វើការយ៉ាងសកម្ម លើកិច្ចគាំពារសង្គម និងស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងគាំទ្រ ចំពោះការស្តារឡើងវិញនូវថាមពលបៃតង ដើម្បីកសាងភាពនឹងការបម្រែបម្រួលអាកាសធាតុ ។

លោក JO SCHEUER ក៏បានថ្លែងអបអរសាទរចំពោះការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គសហប្រជាជាតិ ។ លោកបានគូសបញ្ជាក់ បន្ថែមថា ឆ្នាំនេះគឺជាខួប ៣១ នៃការបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា “ជំនាន់ អ៊ុន តាក់ ” ។ ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសមួយទទួលកងកម្លាំងរក្សាសន្តិភាព ពីបណ្ដាប្រទេសនានា ទៅ ជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង ៩ ២០៧នាក់ ក្នុងនោះនារីចំនួ ៧២៩នាក់ ទៅកាន់ បេសកកម្មចំនួន ១២ និងបានក្លាយជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្តិភាព លំដាប់លេខ២ នៅក្នុង តំបន់អាស៊ាន ។ ជាពិសេសការលើកកម្ពស់ស្ត្រីចូលរួម បំពេញបេសកកម្មរក្សាសន្តិភាពច្រើនលើស ការកំណត់ របស់អង្គការសហប្រជាជាតិ ក៏ដូចជាការចូលរួមលើកកម្ពស់របៀបវារៈស្ត្រី និងសន្តិសុខ របស់ អ.ស.ប. ។ លោកសង្ឃឹមថា កម្ពុជានឹងបន្តគាំទ្ររបៀបវារៈស្ត្រី និងសន្តិសុខនៅក្នុងវេទិការ តំបន់ថែមទៀត ហើយលោក ស្រី ប្តេជ្ញាចិត្តនឹងខិតខំយកចិត្តទុកដាក់នូវគំរូដ៏ល្អ នៃការបញ្ជូនកង កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់ជាបទពិសោធន៍ទៅបំពេញបេសកកម្ម នៅបណ្តាប្រទេស នានាទៀតផង ៕
ប្រភព៖ AKP