កំពង់ឆ្នាំង៖ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសា សន៍ថា ការអនុវត្តតាមគោលការណ៍ នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ជាគោលការណ៍គ្រឹះនៃកំណែទម្រង់ក្នុងនោះការផ្ទេរមុខងារ នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជនមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាគោលការណ៍ នៃការផ្ទេរមុខងារមករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលតម្រូវឱ្យក្រសួង ស្ថាប័នទាំងអស់ អនុវត្តន៍លើគោលការណ៍ ៣សំខាន់ ៗ គឺ៖ ១-ការផ្ទេរមុខងារ , ២-ការផ្ទេរធនធានថវិកានិង ៣-សម្ភារ និងធនធានមនុស្ស មកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោក ឈឹម វុទ្ធា មានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីប្រគល់-ទទួលសម្ភារបរិក្ខារសម្រាប់ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រង បរិស្ថានក្រុងជុំវិញបឹងទន្លេសាប ពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង នាថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមន្ត្រីបរិស្ថានជាច្រើននាក់ផងដែរ ។
លោក ឈឹម វុទ្ធា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានផ្ដល់ជូននូវមធ្យោបាយធ្វើការ ងារ ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីជាមូលដ្ឋាន នៃការចូលរួមជាមួយប្រជាពលរដ្ឋ ក្នុងការប្រមូលសំរាម ក៏ដូចជាការថែរក្សាសោភណភាព សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋាននីមួយៗ កាន់តែល្អប្រសើរ។
លោកអភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍បន្តថា ក្នុងបរិបទសុខភាពអនាម័យ បានផ្ដោតជាសំខាន់ លើការលើកកម្ពស់ ក្នុងការពង្រឹងវិធានការអនាម័យ ដែលជាវិធានការ នៃការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺនានានៅក្នុងសហគមន៍ ដែលយើងទើបតែងើបចេញពីជំងឺកូវីដ-១៩ ហើយការពង្រឹងនូវអនាម័យនេះ ក៏ជាផ្នែកមួយក្នុងគោលនយោបាយបរិស្ថានផងដែរ ។ ការផ្ដល់ជូនរថយន្តនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត សម្រាប់ការគាំទ្រនូវមធ្យោបាយធ្វើការងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ដូច្នេះរដ្ឋបាលខេត្តរៀបចំផែនការប្រមូលសំរាមឱ្យបានច្បាស់លាស់ និងប្រើប្រាស់រថយន្តនេះ ឱ្យអស់លទ្ធភាព ។ ជាពិសេសការផ្ដោតលើគោលដៅ ក៏ដូចជាទីតាំងដែលប្រឈមក្នុងការប្រមូល និងការរក្សាទុកសំរាម ។
ក្នុងពិធីនេះដែរលោកអភិបាលរងខេត្តកំពង់ឆ្នាំង ឈឹម វុទ្ធា និង មន្ត្រីបរិស្ថាន បានទទួលអំណោយពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖ គ្រឿងចក្រចំនួន៣គ្រឿង, រថយន្ត Bulldozer, រថយន្តDump Truck , និងត្រាក់ទ័រ Wheeled small Backhoe Loader -Tractor ៕
ប្រភព៖ AKP