ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន បានសម្រេចបានក្នុងរង្វង់ទឹកប្រាក់សរុប ១.៦៣ ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៣នេះ ធ្លាក់ចុះប្រមាណ៧.៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០២៣ កម្ពុជា នាំចេញទំនិញមានតម្លៃសរុប ប្រមាណ ១.០៦ ពាន់លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ធ្លាក់ចុះតិចតួច ០.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
របាយការណ៍ដដែលបង្ហាញថា កម្ពុជានាំចូលទំនិញពីប្រទេសជប៉ុន ធ្លាក់ចុះ ១៩.៣ភាគរយ ឬប្រមាណ ៥៧៣ លានដុល្លារ។
កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់ប្រទេសជប៉ុនរួមមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ និងផលិផលស្បែក និងនាំចូលមកវិញគ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងផលិតផលប្លាស្ទិកពីប្រទេសជប៉ុន។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្តេចធិបតី មានជំនួបកំពូលទ្វេភាគីជាមួយ ឯកឧត្តមគីស៊ីដា ហ៊្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្ត្រការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតលើវិស័យឌីជីថល ធនាគារ និងថាមពល។
ប្រទេសជប៉ុន ជាដៃគូពាណិជ្ជកម្មធំបំផុតទី៥ របស់ប្រទេសកម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសវៀតណាម និងប្រទេសថៃ។
ប្រភព៖ AKP