សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រុនតាឯក នឹងក្លាយទៅជាទីក្រុងនាពេលខាងមុខ

0

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្ដេជ្ញាថានឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ភូមិធម្មជាតិរុនតាឯក ឱ្យក្លាយទៅជាទីក្រុងនាពេលអនាគត។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់ នៅព្រឹកថ្ងៃទី០៨ខែធ្នូនេះ  សម្ដេចធិបតី បានថ្លែងថា ប្រជាពលរដ្ឋនៅទីនេះជិតក្លាយជាអ្នកទីក្រុងហើយ។ សម្ដេចធិបតី បានស្នើឱ្យក្រសួងមហាផ្ទៃរៀបចំភូមិធម្មជាតិរុនតាឯកនេះឱ្យក្លាយជាក្រុងគំរូនៅខេត្តសៀមរាប។ បើតាមសម្ដេចធិបតី ក្រុងរុនតាឯក ទោះបីជាក្រុងកើតក្រោយគេ ប៉ុន្តែការអភិវឌ្ឍមិនដើរក្រោយគេទេ។

 

សូមបញ្ជាក់ថា នៅតំបន់អភិវឌ្ឍន៍រុនតាឯក ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារចាំបាច់នានា បាននិងកំពុងដំណើរការ ជាមួយនឹងលទ្ធផលល្អប្រសើរ ក្នុងនោះ បានសម្រេចតាមផែនការ ១០០% លើការងារជាអាទិ៍ ការតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាតចំនួន ២ខ្សែ  ការតភ្ជាប់បណ្ដាញមេផ្គត់ផ្គង់អគ្គិសនី  ការស្ថាបនាផ្លូវក្រួសក្រហមនៅតំបន់អភិវឌ្ឍន៍រុនតាឯកប្រវែង ១៦៥គីឡូម៉ែត្រ ការកសាងសាលារៀនលើផ្ទៃដី ៥,១២ហិកតា មាន៣អគារ ក្នុងនោះអគារទី១ សម្រាប់ អនុវិទ្យាល័យ មាន ១ខ្នង ២ជាន់ ១២បន្ទប់, អគារទី២ សម្រាប់វិទ្យាល័យ មាន ១ខ្នង ២ ជាន់ ១២បន្ទប់ និងអគារទី៣ សម្រាប់ទីចាត់ការ និងបណ្ណាល័យ ១ខ្នង មាន ៣បន្ទប់  ការសាងសង់មណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក លើផ្ទៃដី ៣,៧៣ហិកតា រួមមាន អគារជំងឺទូទៅ ១ខ្នង, អគារសម្ភព ១ខ្នង និងអគារស្នាក់នៅគ្រូពេទ្យ ១ខ្នង ២ ជាន់ ២០បន្ទប់  និង ការដំឡើងបង្គោលអង់តែនទូរស័ព្ទចំនួន ២កន្លែង នៃផែនការជំហាន១។

បន្ថែមពីនេះទៀតបាននឹងងកំពុងបន្តអនុវត្តតាមផែនការនូវការងារចម្បងៗមួយចំនួនទៀត ជាអាទិ៍សាងសង់ផ្លូវបេតុងលើផ្លូវក្រួសក្រហមសម្រេចបាន ៧៤,៣៦%  ការសាងសង់ផ្សារ ៨ខ្នង លើផ្ទៃដី ៤,២៤ហិកតា សម្រេចបាន ៨០%ការកសាងវត្តរុនតាឯក លើផ្ទៃដី ៣ហិកតា សម្រេចបាន ៩៥% រួមមាន ព្រះវិហារ, ឧបដ្ឋានសាលា និងកុដិ  ការសាងសង់មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី លើផ្ទៃដី៤,៣៨ហ.ត សម្រេចបាន ៨៥%  ការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋ ចំនួន ៤ ៤៤២ គ្រួសារស្មើ ៧៥,៧៣% ៕

ប្រភព៖ AKP