សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចអញ្ជើញមកសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅរុនតាឯកនាពេលនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តបន្តស្មារតីអភិវឌ្ឍន៍តំបន់រុនតាឯកឱ្យកាន់តែល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែអារម្មណ៍រំភើបរីករាយពេលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃទី០៨ខែធ្នូនេះ។ ទោះបីសម្ដេចធិបតី មិនអាចជប់ឱ្យចេញសមិទ្ធផលទាំងអស់បានមែន បុន្តែសម្ដេចប្ដេជ្ញាខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានកាន់តែច្រើន ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
សូមរម្លឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់អញ្ជើញមកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តមក រស់នៅតំបន់រុនតាឯក និងពាក់ស្នែងជាច្រើនលើករួចមកហើយដើម្បីឱ្យទទួលបានកម្មសិទ្ធិលើដីធ្លី និងលំនៅឋានស្របច្បាប់ ព្រមទាំងទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់ និងសេវាចាំបាច់ផ្សេងៗសម្រាប់ការរស់នៅ ផ្តល់ដោយរដ្ឋ ដោយមានការត្រួតពិនិត្យ និងសម្របសម្រួល ពីក្រុមការងារចម្រុះរបស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
គិតមកទល់ពេលនេះ ការដោះស្រាយបញ្ហាសំណង់លំនៅឋានមិនរៀបរយ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារនៅតំបន់អភិវឌ្ឍន៍ទាំង២នេះ បាន និងកំពុងដំណើរការល្អប្រសើរ និងទាន់ពេលវេលា ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖ ផ្ទៃដីសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលបំពេញគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តប្ដូរទី លំនៅចេញពីរមណីយដ្ឋានអង្គរ មានទំហំសរុប ២.៤៥៦ហិកតា ស្មើ ២០.៩៥២ឡូត៍ ក្នុងនោះ នៅតំបន់អភិវឌ្ឍន៍រុនតាឯកទំហំ ១.០៤៦ហិកតា ស្មើ ៦.៩៩៤ឡូត៍ និងនៅតំបន់ពាក់ស្នែងទំហំ ១. ៤១០ហិកតា ស្មើ ១៤.៩៤៧ឡូត៍ប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ តំបន់១ មានចំនួន ៤៥៤៥ ក្បាលដី និងតំបន់២ មានចំនួន ១ ៨៦៥ ក្បាលដី ក្នុងនោះប្រជាពលរដ្ឋទៅតំបន់អភិវឌ្ឍន៍រុន តាឯកចំនួន ៥ ៨៦៥ គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤ ០៣២ គ្រួសារ សរុបចំនួន ៩ ៨៩៧ គ្រួសារ គ្រួសារប្រជាពលរដ្ឋបានចាកចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន៤៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩% នៃចំនួនគ្រួសារដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណ កម្មសិទ្ធិចំនួន ៤ ៥៥៤បណ្ណ សម្រាប់ចែកជូនប្រជាពលរដ្ឋ នាថ្ងៃនេះតែម្តង៕
ប្រភព៖ AKP