ឯកឧត្តម ថោ ជេដ្ឋា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបើកការដ្ឋានសាងសង់គម្រោងស្តារ និងកែលម្អឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ក្រោមជំនួយអភិវឌ្ឍន៍របស់ជប៉ុន

0

កំពង់ស្ពឺ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនៃគម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគខាងលិចទន្លេសាប និងពិធីបើកការ   ដ្ឋានសាងសង់គម្រោងស្តារ និងកែលម្អឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) នាថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងពិធីបើកការដ្ឋាននេះ ក៏មានការចូលរួមពីលោក អ៊ូអេណុ អ៉ាតស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា,លោក សានុអ៊ិ កាស៊ូមាសា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។

 

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រ និងបន្តជួយដល់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសលើការអភិវឌ្ឍវិស័យធនធានទឹក ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ធ្វើឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់ ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ផ្តល់អាទិភាពខ្ពស់ លើវិស័យធនធានទឹក ដើម្បីឆ្លើយតបនឹងនិន្នាការនាពេលបច្ចុប្បន្ន នៃការឡើងកម្ដៅនៃភពផែនដី និងការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យបញ្ហាទឹកមានសភាពកាន់តែធ្ងន់ធ្ងរ និងបានបង្ហាញយ៉ាងច្បាស់ពីវិបត្តិទឹក ដែលអាចកើតឡើងជាយថាហេតុនាពេលដ៏ខ្លីខាងមុខ ។

ឯកឧត្តម ថោ ជេដ្ឋា បញ្ជាក់ថា ការស្តារ និងការជួសជុលឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ការបង្កើត និងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក ព្រមទាំងការផ្តល់សេវាផ្សព្វផ្សាយកសិកម្ម ដល់ប្រជាកសិករក្នុងតំបន់គម្រោង បានធ្វើឱ្យបរិមាណនៃផលិតកម្មស្រូវ និងប្រាក់ចំណូលរបស់ប្រជាកសិករ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង ។ ដែលស្របទៅតាមគោលនយោបាយជាតិ ស្តីពីការកាត់បន្ថយភាពក្រីក្រ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ឯកឧត្តម បានឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៣មក ប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និង JICA បានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍ   វិស័យធនធានទឹកនិងឧតុនិយម ដោយផ្តោតសំខាន់លើការសាងសង់សំណង់ការងារទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹក សម្រាប់ការស្រោចស្រពបានគ្រប់គ្រាន់ និងទាន់ពេលវេលាជូនដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករ និងការកសាងសមត្ថភាពបច្ចេកទេស របស់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្តថា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានឈានឡើងដល់កម្រិត « ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៣ » ហើយសមិទ្ធផលថ្មីនៃគម្រោងទាំងពីរ ដែលប្រារព្ធពិធីសម្ពោធក្នុងថ្ងៃតែមួយនេះ បានចូលរួមចំណែកដល់ការធ្វើឱ្យសម្រេចបាន នូវអាទិភាពគន្លឹះទី៣ គឺទឹក និងបាវចនា ៥ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករ ដែលរស់នៅក្នុងតំបន់គម្រោង សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ជាមួយមន្ទីរធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រង និងការថែទាំប្រព័ន្ធធារាសាស្រ្ត ដែលបានសាងសង់រួច ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ ដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ ។

សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញ នូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកភាគខាងលិចទន្លេសាប ស្ថិតក្នុងខេត្តកំពង់ឆ្នាំង,ខេត្តពោធិ៍សាត់, និងខេត្តបាត់ដំបង បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អាចផ្គត់ផ្គង់ទឹកស្រោចស្រព លើផ្ទៃដីស្រែសរុបចំនួន ១៣ ៣៩៣ហិកតា អ្នកទទួលផលពីគម្រោងមានចំនួន ២៦ ៣១៨គ្រួសារ ស្មើនឹង ៥៧ ៥៧២នាក់ និងបង្កើនទិន្នផលស្រូវពី ១,៥០តោនទៅ ៣,៦០ តោន ក្នុងមួយហិកតា ។

ដោយឡែកគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ស្ថិតក្នុងខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល,និងខេត្តតាកែវ បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ។ គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រព លើផ្ទៃដីស្រែសរុបចំនួន ២៣ ៨៣១ហិកតា អ្នកទទួលផលចំនួន ៧ ៩២៥គ្រួសារ ស្មើនឹង ៤៤ ១៥៧នាក់ និងបង្កើនទិន្នផលស្រូវពី២,២0តោន ទៅ៣,៨0តោនក្នុងមួយហិកតា ៕

ប្រភព៖ AKP