ស្ត្រីជនជាតិដើមភាគតិចព្នងទី១ មកពីកែវសីមា បានចូលរួមសន្និសីទកំពូលនៃបណ្ដាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៨

0

ភ្នំពេញ៖ ប្រភពពីអង្គការ USAID មរតកបៃតង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១០រោច​ ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ថា យើងពិតជាមានមោទនភាពជាខ្លាំង ដែលបានឃើញអ្នកស្រី គឿង ណាវី បង្កើតប្រវត្តិសាស្ត្រក្នុងនាមជាវាគ្មិនជនជាតិពូនង (ព្នង) ដំបូងគេ ដែលតំណាងឱ្យសហគមន៍ជនជាតិដើមភាគតិចពូនង នៅក្នុង​សន្និសីទ​កំពូល ​នៃ​បណ្ដា​ភាគី​អនុសញ្ញាក្របខ័ណ្ឌ​សហ​ប្រជាជាតិ ​​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​លើកទី២៨ (COP 28) ឆ្នាំ២០២៣ ដែលបានរៀបចំនៅ​ទីក្រុង​​ឌូ​បៃ​ ​នៃ​សហភាព​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) នៅឆ្នាំនេះ ។

អ្នកស្រី គឿង ណាវី ជាតំណាងមកពីសហគមន៍ជនជាតិដើមភាគតិចពូនងក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែល USAID មរតកបៃតង បានសហការជាមួយ WCS Cambodia និង ក្រសួងបរិ ស្ថាន ក្នុងការគាំទ្រគម្រោង រេដបូក កែវសីមា ក្នុងខេត្តមណ្ឌលគិរី ។ នៅក្នុងព្រឹត្តិការណ៍នេះ អ្នកស្រី គឿង ណាវី បានលើកឡើងពីតួនាទីដ៏សំខាន់របស់ហិរញ្ញប្បទានកាបូន នៅក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់សហគមន៍ជនជាតិដើមភាគតិច ។ សំឡេងចេញពីភូមិតូចមួយ ក្នុងប្រទេសកម្ពុជា ទៅកាន់មេដឹកនាំពិភពលោក សាររបស់នាងបានបន្ទរចំពោះការអំពាវនាវ ឱ្យមានការធ្វើសកម្មភាពរួមគ្នាក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ នៅជុំវិញពិភពលោក ។

 

គម្រោងរេដបូក កែវសីមា I Keo Seima REDD+ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារព្រៃឈើ និងសត្វព្រៃ ក៏ដូចជាសុខុមាលភាព របស់សហគមន៍ជនជាតិដើមភាគតិចពូនង ក្នុង និងជុំវិញដែនជម្រកសត្វព្រៃកែវសីមាអស់ជាច្រើនទសវត្សរ៍មកហើយ។ រួមគ្នាគាំទ្រគំនិតផ្តួចផ្តើមរេដ បូក និងទទួលយកវិធីច្នៃប្រឌិតថ្មី ដើម្បីការពារបរិស្ថានរបស់យើងទាំងអស់គ្នា ៕

ប្រភព៖ AKP