សៀមរាប៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ តំណាងស្ថានទូតចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ នាយកទីភ្នាក់ស្វីសប្រចាំកម្ពុជា ប្រធានអង្គការហេឡូត្រាស្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចម្រើន ជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្រ្គាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ស្រុកពួក គឺជាស្រុកទី៣ បន្ទាប់ពី ក្រុងសៀមរាប និងស្រុកក្រឡាញ់ របស់ខេត្តសៀមរាប ដែលធ្វើការបោសសម្អាតមីន ចុងក្រោយរបស់អង្គការ HALO Trust ក្នុងទំហំផ្ទៃដី ៣.៥១២.៦៤៨ម៉ែត្រការ៉េ និងរួមជាមួយ អង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការ NPA។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ និងស្វីស ក៏ដូចជាការលះបង់របស់អ្នកដោះមីនទាំងអស់ ដែលបានចូលរួមគាំទ្រ និងបំពេញ ការងារដោយផ្ទាល់ ក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅស្រុកពួក ខេត្តសៀមរាប។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានរលឹកបន្ថែមទៀតថា ថ្មីៗនេះ កម្ពុជាបានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជារដ្ឋភាគី នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំង មនុស្សដែលមាន១៦៤ ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញា ដោយជ្រើសយកខេត្តសៀមរាប ជាទីតាំងរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរនេះ ដែលនេះគឺជាកាដូរពិសេសមួយ ជូនបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងស្រប នឹងការដាក់ចេញយុទ្ធសាស្រ្តរបស់សម្តេច ទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាព ទេសចរណ៍ក្នុងខេត្តសៀមរាប។ ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងបង្ហាញ ទៅកាន់ពិភពលោក ឱ្យបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រែក្លាយ អតីតតំបន់សមរភូមិប្រយុទ្ធ និងមានការគំរាមដោយសារមីន ឱ្យទៅជាតំបន់ដែល ពោរពេញដោយស្នាមញញឹម និងមានសុខសន្តិភាពពេញលេញ។ ជាមួយគ្នានេះ ក៏មាន គម្រោងប្រកាសខេត្តសៀមរាប ជាខេត្តអស់មីនផងដែរ។
នៅក្នុងពិធីនេះដែរ ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតទាំងអស់ បានសម្តែង នូវការគាំទ្រ និងអបអរសាទរចំពោះការទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ហើយបណ្តា ប្រទេសជាមិត្តទាំងនោះ នឹងបន្តប្តេជ្ញាចិត្តចូលរួម និងឈរជាមួយរដ្ឋាភិបាលនិងប្រជាជន កម្ពុជាក្នុងការស្វាគមន៍ និងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ឯកអគ្គរដ្ឋទូត និង តំណាងស្ថានទូត បានចាត់ទុកការបញ្ចប់ការងារបោសសម្អាតមីននៅស្រុកពួក ខេត្តសៀមរាប គឺជាផ្នែកមួយក្នុងរួមចំណែក និងឈានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យ កម្ពុជាគ្មានមីនឆ្នាំ២០២៥៕
ប្រភព៖ AKP