ពិធីបុណ្យរំលឹកគុណអង្គរឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅថ្ងៃទី០៧ ខែធ្នូខាងមុខនេះ

0

សៀមរាប៖ ពិធីបុណ្យរំលឹកគុណអង្គរឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅថ្ងៃទី០៧ ខែធ្នូខាងមុខនេះ ដែល មានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានរៀបចំ ប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ នេះ បើយោងតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា។

ឯកឧត្តម ឡុង កុសល បានឱ្យដឹងនារសៀលថ្ងៃអង្គារ ៨រោច​ ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះថា តាមការគ្រោងទុក ពិធីបុណ្យ រំលឹកគុណអង្គរនឹងចាប់ផ្តើមបើកជាផ្លូវការនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានពិធី បួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរនៅបរិវេណមុខប្រាសាទអង្គរវត្ត ដែលនឹងប្រព្រឹត្តទៅ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់  លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធាន ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប និងមានការចូលរួមពី ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការដៃគូ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរ ជាតិ និងភ្ញៀវអន្តរជាតិផងដែរ។ នៅព្រឹកថ្ងៃនោះដែរ បន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់ បាត្រផងដែរ។

ឯកឧត្តម ឡុង កុសល បានឱ្យដឹងទៀតថា នៅថ្ងៃបន្តបន្ទាប់ក៏នឹងមាន នូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយ:ពេល៣១ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជា ច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ និងក្បួនព្យុះហយាត្រា របស់សិស្សានុសិស្សចំនួនជាង១,២៥០នាក់ ក្រោមពាក្យស្លោកអរគុណអង្គរ និងអរគុណសន្តិភាព  ការសម្តែងសិល្បៈល្ខោនយីកេ ការសម្តែងសិល្បៈល្ខោន ស្រមោល ល្បែកធំជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់ នឹងបើកជាសាធារណៈ ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។

 

ឯកឧត្តម ឡុង កុសល បានបញ្ជាក់ជូនថា នេះជាឆ្នាំទីបីហើយ ដែលអាជ្ញាធរជាតិ អប្សរាបានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ ហើយព្រឹត្តិការណ៍នេះដែរ  រៀបចំឡើងក្នុង គោលបំណងដើម្បីរំលឹកគុណអង្គរ ព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែល លោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់ អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕

ប្រភព៖ AKP