ឯកឧត្តម គួច ចំរើន៖ ប្រជានេសាទណាដែលធ្វើការនេសាទបំផ្លិចបំផ្លាញធនធានធម្មជាតិខ្លួនឯង ដូចជាខ្យងសជាដើម ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង

0

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រជានេសាទណា ដែលធ្វើការនេសាទបំផ្លិចបំផ្លាញធនធានធម្មជាតិខ្លួនឯង ដូចជាខ្យងសជាដើម ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង។

នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជានេសាទ មកពីក្រុង ស្រុក នៃខេត្តព្រះសីហនុរសៀលថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ពុំ សេដ្ឋា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលជលផល ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ការអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែងបែបនេះ ពីព្រោះជនខ្លះមានបំណងបំផ្លាញធនធានធម្មជាតិផ្តាច់ឫសគល់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន យើងមិនអាចទទួលយកបាននោះទេ ទោះបីបងប្អូនជាអ្នកនេសាទ តែពួកខ្ញុំជាអ្នកគ្រប់គ្រងនិងអនុវត្តច្បាប់នៅទីនេះ មិនចង់ឃើញប្រជានេសាទរបស់យើង ទៅបំផ្លិចបំផ្លាញធន ធានធម្មជាតិ ឱ្យវាខ្ទេចខ្ទីអន្តរាយអស់សម្រាប់កូនចៅជំនាន់ក្រោយ ការធ្វើនេសាទពិតជាមានការពេញចិត្ត ចង់ឱ្យបងប្អូនចេញទៅធ្វើការនេសាទទទួលបានផលច្រើន ដើម្បីផ្តត់ផ្គង់ទីផ្សារ ក៏ដូចជាការជួយបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរថែមទៀត ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា បច្ចុប្បន្នប្រជានេសាទចេញទៅនេសាទបានផល ក៏ប៉ុន្តែយើងគ្មានសិទ្ធិនាំចេញទៅលក់នៅស្រុកគេ មិនអាចនាំត្រីចេញពីកម្ពុជាទៅកាន់តំបន់អឺរ៉ុប ដោយសារកម្ពុជាជាប់បញ្ជីរកាតក្រហមរបស់សហភាពអឺរ៉ុប ។ យើងខាតទី១-កិត្តិយសជាតិខ្លួនឯង, ២-បងប្អូននេសាទបានមក អត់មានតម្លៃនៅតាមទីផ្សារ ។ ផ្តើមចេញពីបញ្ហាទាំងនេះ ទើបយើងខិតខំជំរុញឱ្យបងប្អូនប្រជានេសាទរបស់យើង មកចុះបញ្ជីទូកនេសាទនៅអង្គភាពច្រកចេញ-ចូលតែមួយខេត្តព្រះសីហនុ ។ យើងបានអនុវត្តន៍ជាង ២ខែមកហើយ ប្រជានេសាទបានចុះបញ្ជីបានប្រមាណ ៤០០ទូកតែប៉ុណ្ណោះ ។បូកសរុបទាំងការចុះបញ្ជីពីមុនមានប្រមាណជា ៩០០ទូក ។ ចំណែកទូកដែលបានចុះបញ្ជីកន្លងមកមានជាង ២ ០០០ទូក នៅសល់ជាង ១ ០០០ទូកទៀត មិនទាន់បានមកចុះបញ្ជី ព្រោះការអនុគ្រោះនេះ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។

ឯកឧត្តម អភិបាលខេត្ត ធ្វើការអំពាវនាវដល់ប្រជានេសាទ បើចង់ប្រកបរបនេសាទ នាំគ្នាមកចុះបញ្ជីទូកឱ្យបានត្រឹមត្រូវ បើអ្នកដែលបានចុះបញ្ជីរួចហើយ សូមបន្តជូនដំណឹងទៅដល់ប្រជានេសាទដទៃទៀត ឱ្យមកចុះបញ្ជីទូកនេសាទ ព្រោះយើងជាខ្មែរចង់ស្ដារមុខមាត់ប្រទេស មិនគួរឱ្យខ្មែរជាប់បញ្ជីកាតក្រហមបន្តទៀតទេ ។ គឺយើងត្រូវនាំគ្នាដោះស្រាយ ដើម្បីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ។ ក្រោយបញ្ចប់ឱសាវាទ កងកម្លាំង និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធនឹងចុះចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ។ ចំពោះទូកនេសាទណាមិនបានចុះបញ្ជី មិនអនុញ្ញាតិឱ្យចេញទៅធ្វើនេសាទ ។ បើចង់បន្តផលរបរនេសាទនៅក្នុងដែនសមុទ្រ សូមនាំគ្នាមកចុះបញ្ជីទូករបស់ខ្លួនឱ្យបានត្រឹមត្រូវ ។ ព្រោះការចុះបញ្ជីនេះមិនមានការតឹងតែង អង្គភាពច្រកនៅរង់ចាំទទួលសេវាជូនបងប្អូន ចំពោះតម្លៃសេវានៃការចុះបញ្ជីទាក់ទងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំបញ្ចុះតម្លៃសមស្រប មិនឱ្យមានផលប៉ះពាល់ទៅនឹងជីវភាពប្រចាំថ្ងៃ និងផ្តល់ភាពងាយស្រួល ក្នុងការពិនិត្យលក្ខណៈបច្ចេកទេសតាមរយៈអនឡាញក៏បាន ។ ដើម្បីងាយស្រួលចុះបញ្ជីជូនបងប្អូនទទួលបានសិទ្ធិធ្វើការនេសាទស្របច្បាប់ និងស្តារមុខមាត់ពីការដាក់កាតក្រហមនេះដែរ ។ យើងនៅតែបន្តសកម្មភាពរបស់យើងទៅមុខ ។ ទន្ទឹមនោះយើងក៏រង់ចាំទទួលយកមតិយោបល់ពីប្រជានេសាទ ស្តីពីបញ្ហាប្រឈមនានា សូមលើកឡើងដើម្បីរួមគ្នាដោះស្រាយ ជាផលប្រយោជន៍រួមរបស់បងប្អូននៅពេលខាងមុខ ៕

ប្រភព៖ AKP