ឯកឧត្តម ឌិត ទីណា៖ ក្រសួងមិនជំទាស់ចំពោះបំណងដាំរុក្ខជាតិសម្រាប់យកទៅផលិតជាឱសថបុរាណទេ

0

ភ្នំពេញ៖ ដោយវិនិយោគិនចិនបានបង្ហាញចេតនាចង់វិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ  ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រសួងមិនជំទាស់ឡើយ ប៉ុន្តែប្រសិនបើរុក្ខជាតិនោះ មានផ្ទុកនូវសារធាតុញៀន ឬអាចយកទៅធ្វើជាធាតុផ្សំសម្រាប់ផលិតសារធាតុញៀន ក្រសួងមិនអនុញ្ញាតឱ្យផលិតឡើយ។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន នៅទីស្តីការក្រសួង នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងជំនួបនោះ វិនិយោគិនចិនបានបង្ហាញចេតនាចង់វិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញនូវសត្វមួយចំនួនដែលអាចផលិតជាឱសថ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងការដាំដុះរុក្ខជាតិសម្រាប់ផលិតឱសថ កម្ពុជាមិនមានគោលនយោបាយផ្តល់ដីសម្បទានសម្រាប់វិនិយោគទេ។ ដូច្នេះ អ្នកវិនិយោគអាចពិនិត្យលទ្ធភាពស្វែងរកទិញដីដោយខ្លួនឯង ឬជួលដីពីក្រុមហ៊ុនដែលទទួលបានដីសម្បទានពីមុន ឬក៏អាចធ្វើកិច្ចសន្យា (Contract Farming) ជាមួយកសិករហើយប្រមូលទិញពីពួកគាត់វិញក្នុងតម្លៃដែលអាចទទួលយកបានទាំងសងខាង។

ចំណែកសត្វមួយចំនួនដែលអ្នកវិនិយោគចិនមានបំណងចង់នាំចេញសម្រាប់យកទៅផលិតជាឱសថ ឯកឧត្តមរដ្ឋមន្ដ្រីពន្យល់ថា ការនាំចេញត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ ទាំងផ្នែកច្បាប់ និងបញ្ហាសុខភាព ខណៈសត្វមួយចំនួននៅកម្ពុជា គឺជាសត្វកម្រ និងស្ថិតនៅក្នុងឧបសម្ព័ន្ធនៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ ហៅកាត់ថា សាយតេស៕

ប្រភព៖ AKP