គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៣ ចំណូលពន្ធសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងកម្ពុជា កើនឡើង ១៧,៧៦ ភាគរយ

0

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលពន្ធពីសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងចំនួន ២ ៨៩៩,៤៦ ប៊ីលានរៀល គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៣ កើនឡើងចំនួន ៤៣៧,៣៨ ប៊ីលានរៀល ស្មើនឹង ១៧,៧៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេល និងសកម្មភាពដូចគ្នា។

យោងតាមរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យ ដឹងថា ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៣ ចំណូលពន្ធពីសកម្មភាពសេវាហិរញ្ញវត្ថុ និងធានា រ៉ាប់រង បានចំនួន ២ ៨៩៩,៤៦ ប៊ីលានរៀល កើនឡើង ១៧,៧៦ ភាគរយ ដែលនេះសរ បញ្ជាក់អំពីស្ថានភាពនៃសកម្មភាពអាជីវកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា មានស្ថិរភាពល្អប្រសើរ និងមានភាពរីកចម្រើន។

របាយការណ៍នេះបានបញ្ជាក់ថា សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង និងអាហរ័ណ-នីហរ័ណ បានដើរតួនាទីយ៉ាងសំខាន់ក្នុងចំណោមចំណូលពន្ធអាករតាមសកម្មភាព អាជីវកម្ម សំខាន់ៗ។ ទន្ទឹមនឹងនេះ ចំណូលពន្ធអាករពីសកម្មភាពអាហរ័ណ-នីហរ័ណ មានចំនួន ១ ៧៦៤,៨១ ប៊ីលានរៀល ធៀបនឹងរយៈពេល និងសកម្មភាពដូចគ្នានៃឆ្នាំ២០២២ កើនឡើងចំនួន ១៤,៧៤ ប៊ីលានរៀល ស្មើនឹង ០,៨៤ ភាគរយ។

ជាមួយគ្នានេះដែរ ចំណូលពន្ធដែលកើនឡើងគួរឱ្យកត់សម្គាល់ គឺចំណូលពន្ធបាន មកពីប្រតិបត្តិការ និងអាជីវកម្មរ៉ែ ដោយមានការកើនឡើងចំនួន ៤១,១៧ ប៊ីលានរៀល ស្មើនឹង ៥០,៣៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។

ប្រភពដដែលបានលើកឡើងថា ចំពោះចំណូលពន្ធពីសកម្មភាពកម្មន្តសាលឆ្នាំ២០២៣ ទោះបីជាមានទំហំច្រើន ប៉ុន្តែមានការថយចុះចំនួន ៦០,៤៣ ប៊ីលានរៀល ស្មើនឹង ២,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករសរុប ដែល ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គ នាយកដ្ឋាន ពន្ធដារមានចំនួន ១១ ៣៦៥,៨១ ប៊ីលានរៀល (ប្រមាណជា ២ ៨០៦,៣៧ លានដុល្លារ) ស្មើនឹង ៧៨,៥៧ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ៤៤៨,៦១ ប៊ីលានរៀល (ប្រមាណជា ១១០,៧៧ លានដុល្លារ) ស្មើនឹង ៤,១២ ភាគរយ៕

ប្រភព៖ AKP