ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ បានជួបពិភាក្សាការងារទ្វេរភាគីដោយបានប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង។
នៅក្នុងឱកាសអមដំណើរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vongsack Phanthavon ប្រធានគណ:កម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមមិត្តភាពរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅឡើង។
សមភាគីទាំងពីរបានប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ ជាពិសេស ប្រជាជនដែលនៅជាប់ព្រំដែនជាមួយគ្នា។
សមភាគីកម្ពុជា-ឡាវបានលើកឡើងពីការខិតខំផ្តល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតនៃសភាទាំងពីរ ក៏ដូចជាប្រទេសទាំងពីរឱ្យបានកាន់តែច្រើនថែមទៀត រួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ចរាចរណ៍គ្រឿងញៀននៅតាមតំបន់ព្រំដែនទៀតផង។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម Vongsack Phanthavon បានថ្លែងអំណរគុណចំពោះក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហាររូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ឱ្យបានមកសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅក្នុងប្រទេសម្ពុជា សរុបក្នុងមួយឆ្នាំមានចំនួន១០នាក់ នៅក្នុងនោះ មាន៥នាក់បានសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានសម្តែងក្តីរីករាយ ដោយឃើញប្រទេសឡាវកំពុងតែពង្រីកបានយ៉ាងលឿននូវហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្ម ដែលនឹងជម្រុញដល់ការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសឡាវមកកាន់កម្ពុជា ដើម្បីជាប្រយោជន៍បម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងធ្វើឱ្យជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរមានការរីកចម្រើនទាំងអស់គ្នា៕
ប្រភព៖ AKP