បរទេស៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្វីដែលអ្នកវិនិយោគម៉ាឡេស៊ីជ្រើសរើសខេត្តព្រះសីហនុ វិនិយោគនូវទឹកប្រាក់ ៥០លានដុល្លារអាម៉េរិក លើសណ្ឋាគារ និងការស៊ីណូនាពេលនេះ គឺជាភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ក្រោយពីកូវីដ-១៩ ត្រូវបានបញ្ចប់។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់បែបនេះក្នុងពិធីសម្ពោធបើកឱ្យដំណើរការសណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូ មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ- អង្គភាពក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែកក្តិកឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ។
ឯកឧត្តម គួច ចំរើន បានចូលរួមអបអរសាទរ ការបើកឱ្យដំណើរការសណ្ឋាគារស៊ីហាហូថេល និងការស៊ីណូ នាពេលនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកឱ្យដំណើរការសណ្ឋា គារស៊ីហាហូថេល និងកាស៊ីណូនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពទាក់ទាញ និង រីកចម្រើន។ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពប្រជាពល រដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងការកសាងមូលដ្ឋានគ្រឹះ ឈានឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ។
ឯកឧត្តមអភិបាលខេត្ត បន្តថា វិស័យទេសចរណ៍ដើរតួនាទី ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការវិនិយោគថ្មី ប្រកបដោយបរិយាប័ន្ន និងចីរភាពកាន់តែល្អប្រសើរ ។ ជាការពិតក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជា រីកលូតលាស់គួរជាទីមោទន។ ប៉ុន្តែជាអកុសលការរីកចម្រើននៃវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយ ដោយ សារវិបត្តិនៃជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក។ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន មានដូចជា តំបន់សេដ្ឋកិច្ចពិសេស, កំពង់ផែសមុទ្រទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, ផ្លូវល្បឿនលឿន, រមណីយដ្ឋានធម្មជាតិ, ជីវៈចម្រុះដ៏សម្បូរបែបព្រមទាំងឆ្នេរសមុទ្រ, កោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” ។ ជាមួយគ្នានេះក្រុងព្រះសីហនុ បានទទួលចំណាត់ថ្នាក់លេខ១ (ពិន្ទុខ្ពស់ជាងគេ) ក្នុងចំណោមក្រុង-ខណ្ឌចំនួន៧ ទូទាំងប្រទេស ដែលទទួលបានជ័យលាភី ទីក្រុងស្អាតផ្ការំដួល៣ទង, និងចំណាត់ថ្នាក់លេខ២ ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២, ទីក្រុងទេសចរណ៍ស្អាតអាស៊ានក្នុងឆ្នាំ២០២២, និងចំណាត់ថ្នាក់ឆ្នេរស្អាតកម្រិតល្អណាស់ នៅក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២, ជាពិសេសខេត្តព្រះសីហនុត្រូវបានប្រកាសអស់មីន។ ដើម្បីរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដើម្បីធានាឱ្យខេត្តមានសន្តិសុខ សុវត្ថិភាព ការរស់នៅបានសុខស្រួល ទាក់ទាញការវិនិ យោគ និងទេសចរណ៍ ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់យកខេត្តសៀមរាប ជាគោលដៅទេសចរណ៍ ២០២៤ សំដៅជំរុញវិស័យទេសចរណ៍នៅកម្ពុជា សម្តេចធិបតីបានប្រគល់ឱ្យ គណ:បញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំធានាសន្តិសុខ សុវត្តិភាពសម្រាប់អ្នកទេសចរណ៍ និងវិនិយោគ ។ ដូច្នេះយើងចាប់យកឱកាស និងធ្វើការផ្សព្វផ្សាយពីសក្តានុពល និងកត្តាសុខសុវត្ថិភាពដោយមិនមានការគំរាមកំហែង មានការគ្រប់គ្រងពីអាជ្ញាធរ យើងត្រូវរួមគ្នាប្រឆាំងនឹងព័ត៌មានមិនពិត ។
ឯកឧត្តម គួច ចំរើន បានបញ្ចាក់បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត បានជំរុញគោលដៅផ្លាស់ប្តូរទេសចរណ៍ចិន និងកម្ពុជានៅឆ្នាំ២០២៤ ។ បើតាមរបាយការណ៍ពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ភ្ញៀវទេសចរអាម៉េរិក និងអ៊ឺរ៉ុបចុះចតមានប្រមាណ ៤ ០០០នាក់ក្នុងមួយថ្ងៃ នេះជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ខេត្តព្រះសីហនុ ។ ដោយឡែករីហ្សតមួយចំនួននៅតំបន់កោះ ត្រូវបានភ្ញៀវស្នាក់នៅ ទន្ទឹមនោះយើងត្រូវបង្កើនផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ។ ពិសេសការបដិសណ្ឋាកិច្ចបម្រើសេវាកម្មឱ្យបានល្អ ព្រោះខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ ហើយអ្នកទេសចរកំពុងសម្លឹងមើលគោលដៅទេសចរណ៍នានា ចាំបាច់យើងត្រូវហ្វិកហាត់បុគ្គលិក ឱ្យចេះបដិសណ្ឋាកិច្ចទទួលស្វាគមន៍ភ្ញៀវទេសចរ ។ សង្ឃឹមថា សណ្ឋាគារស៊ីហលហូថេល ស្កាយបារ និងអាហារនៅទីនេះ មានរស់ជាតិឆ្ងាញ់ និងការបដិសណ្ឋារកិច្ចទាក់ទាញកាន់តែល្អ យើងត្រូវកែលម្អសោភណភាព ដើម្បីទទួលភ្ញៀវឆ្លងឆ្នាំសកល ៕
ប្រភព៖ AKP