សៀមរាប៖ រមណីយដ្ឋានអង្គរ ទទួលបានប្រាក់ចំណូលជាង ៣២លានដុល្លារ គិតត្រឹម ១១ខែ ឆ្នាំ២០២៣ កើនឡើងជិត ៣ដង ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ១១ខែ ឆ្នាំ២០២៣នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិជិត ៧សែននាក់ ដែលរកប្រាក់ ចំណូលបាន ៣២ ៥៤៦ ៨៤៧ ដុល្លារ។
ប្រភពដដែលបានបន្ថែមថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ សម្រេចបានជិត ១០ម៉ឺននាក់ ដែលរកប្រាក់ចំណូលបាន ៤ ៦៦៤ ៤១២ដុល្លារ។ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារអាម៉េរិក។
ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រក ចំណូលបានជិត ១៩ម៉ឹនដុល្លារអាម៉េរិក ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
គួរបញ្ជាក់ផងដែរថា ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួនសរុប ១ ៣៩៩ ៩៩២ ដុល្លារ គិតត្រឹម ១១ខែ ឆ្នាំ២០២៣៕
ប្រភព៖ AKP