កម្ពុជា-ចិន រៀបចំពិព័រណ៍អប់រំអាស៊ាន-ចិន រយៈពេល០២ថ្ងៃ ដើម្បីផ្សព្វផ្សាយពីឱកាសបន្តការសិក្សានៅប្រទេសចិន

0

ភ្នំពេញ៖ ប្រទេសចិន បានសហការជាមួយភាគីកម្ពុជា រៀបចំពិព័រណ៍ អប់រំ អាស៊ាន-ចិន (ASEAN-CHINA Education Expo) ជាលើកដំបូងនៅកម្ពុជា ដើម្បីផ្សព្វផ្សាយ ពីឱកាសបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន មានជាង៤០សាលានៅកម្ពុជា ព្រមទាំងផ្ដល់ព័ត៌មានជាច្រើនទៀតពាក់ព័ន្ធនឹងវិស័យអប់រំដល់សិស្ស-និស្សិតនៅកម្ពុជា។ ពិព័រណ៍អប់រំអាស៊ាន-ចិននេះធ្វើឡើងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៣  នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។

ក្នុងពិធីបើកជាផ្លូវការ នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្ដម ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច តំណាង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច ដោយមានការចូលរួមផងដែរ លោក លី ជីនជុន ប្រធាននាយកដ្ឋានផ្លាស់ប្ដូរ និងសហប្រតិបត្តិការ នៃមន្ទីរអប់រំខេត្តក្វាងទុង និងលោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិនដើម្បីការផ្លាស់ប្ដូរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា តំណាងសាកលវិទ្យាល័យ នានារបស់ភាគីចិន និងភាគីថៃ ក៏ដូចសិស្សានុ សិស្សជាច្រើននាក់ចូលរួមផងដែរ។

 

លោក កាវ ជាន  បានឱ្យដឹងថា ពិព័រណ៍អប់រំចិន-អាស៊ានឆ្នាំ២០២៣នេះ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកសាងវេទិកាសម្រាប់ការសិក្សា និងការផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រទេសចិន និងបណ្ដាប្រទេសសមាជិកអាស៊ាន។

លោកបានបន្តថា ពិព័រណ៍អប់រំនេះដែរ ក៏មានសាកលវិទ្យាល័យ មហាវិទ្យាល័យ សាលាអន្តរ ជាតិ ស្ថាប័នអប់រំ សរុបប្រមាណជាង៤០សាលា និងទីតាំង មកពី១១ខេត្ត/ក្រុង នៃប្រទេសចិន រួមមាន៖ រដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ខេត្តស៉ីឈួន  ខេត្តក្វាងទុង និងតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងមកពីប្រទេសសមាជិកអាស៊ានផ្សេងទៀតផងដែរ។ សាលាទាំងនេះគឺសុទ្ធតែជាជម្រើសដ៏ល្អសម្រាប់សិស្ស និស្សិតកម្ពុជា-ថៃ ក៏ដូចជា បណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត។

ជាមួយគ្នានោះ លោក លី ជីងជុន ចាត់ទុកពិព័រណ៍អប់រំនេះ គឺជាវេទិកាដ៏ សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរនិងកិច្ច សហប្រតិបត្តិការរវាងចិន និងបណ្ដា ប្រទេសសមាជិកអាស៊ាន ពិសេសលើវិស័យអប់រំ និងសិក្សាធិការ។ លោកប្រធាន នាយកដ្ឋានសង្ឃឹមថា សិស្ស និស្សិតកម្ពុជានឹងទទួលបានអាហារូបករណ៍ កាន់តែច្រើនពីសាលានានានៅខេត្តក្វាងទុង និងខេត្ត/ក្រុងផ្សេងទៀតនៃប្រទេសចិន ហើយលោកក៏បានលើក ទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជាចូលទៅសាកសួរព័ត៌មាន នៅតាមស្ដង់ពិព័រណ៍ទាំងឡាយ ក្នុងរយៈពេល២ថ្ងៃនេះ។

ឯកឧត្ដម ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច បានបង្ហាញ ការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំពិព័រណ៍អប់រំអាស៊ាន-ចិនលើកដំបូងនេះ ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្បូរបែបជូនដល់សិស្ស និស្សិតកម្ពុជា ក្នុងការបន្តការសិក្សាទាំងថ្នាក់បរិញ្ញាបត្រថ្នាក់អនុបណ្ឌិត និងថ្នាក់ បណ្ឌិត (PHD)។

ឯកឧត្ដមបានចាត់ទុកថា ព្រឹត្តិការណ៍០២ថ្ងៃនេះ រួមចំណែកក្នុង ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្ដោតលើ ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ទឹក អគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្ដម ចាប សុថារិទ្ធ ក៏បានរំឭកពីទំនាក់ ទំនងរវាងកម្ពុជានិងចិន ដែលមានតាំងពីយូរមកហើយនោះ ពិសេសគឺការតភ្ជាប់ឡើងវិញដោយថ្នាក់ ដឹកនាំ ជំនាន់ក្រោយៗ ដែលបានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាក់ស្ដែង កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះវិស័យអប់រំក៏ត្រូវបាន ពង្រឹងនិងពង្រីកកាន់តែជិតស្និទ្ធនឹងគ្នាផងដែរ៕

ប្រភព៖ AKP