សៀមរាប៖ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយជាថវិកា ៤៥ ម៉ឺនដុល្លារអាម៉េរិក ក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌(AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងការថែរក្សាអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សរ៍ទី ១០ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។
គិតចាប់តាំងពីឆ្នាំ ២០០៤ មកកម្មវិធី AFCP បានផ្តល់ជំនួយថវិកាចំនួន ៨ដងមកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារបន្តការអភិរក្សនៅប្រាសាទភ្នំបាខែង ដែលមានសរុប ៤ លានដុល្លារអាម៉េរិក ។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតអាម៉េរិក W. Patrick Murphy បានថ្លែងថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសនូវជំនួយជាថវិកានេះដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ។ សហរដ្ឋអាមេរិក មានមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយព្រះរាជាណាចក្រកម្ពុជា។ ប្រាសាទភ្នំបាខែង ជាគោលដៅដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ»។
ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងរយៈពេល ២០ ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានជួយឧបត្ថម្ភគាំទ្រនូវគម្រោងនានាជាច្រើននៃប្រាសាទនេះ ដោយរួមមានការជួសជុលគ្រឹះប្រាសាទ ការអភិរក្សថ្មប្រាសាទ ការតបណ្តាញការពារជម្រាបទឹក និងការផ្គុំឡើងវិញនូវជញ្ជាំងនិងទីលាននៃប្រាសាទនេះ ។ ការផ្តល់នូវថវិកាជាបន្តបន្ទាប់នេះ ក៏បានជួយដល់អង្គការ WMF ផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋានដើម្បីឱ្យពួកគេបានចូលរួមចំណែកក្នុងការងារអភិរក្សប្រាសាទនេះ ។
សូមជម្រាបជូនថា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អភិរក្សនូវតំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗ ជុំវិញពិភពលោក។ ក្រោមគម្រោងជំនួយនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកា ៦ លានដុល្លារអាម៉េរិក តាំងពីឆ្នាំ ២០០១ មក ដើម្បីជួយអភិរក្សបេតិកភណ្ឌវប្បធម៌សំខាន់ៗផ្សេងទៀត ដោយរួមទាំងប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងចំណោមតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា ៕
ប្រភព៖ AKP