ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ក្នុងការអនុវត្ត«ស្តង់ដាសាលារៀនគំរូ» និង«ពានរង្វាន់ សាលាគំរូសម្តេចមហាបវរធិបតី» ព្រមទាំង «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាមនៅទូទាំងប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្តី។
សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ក្នុងនោះ ស្តង់ដាសាលារៀនគំរូ នឹងចាប់ផ្តើមអនុវត្ត និងពង្រឹងចាប់ពីឆ្នាំសិក្សាថ្មីនេះតទៅ។ អ្វីទៅជាសាលារៀនគំរូ? សាលារៀនគំរូ គឺសាលារៀនដែលមានដំណើរការពេញលេញ រួមមាន៖ ទី១-សាលារៀនមានគណនយ្យភាពជាមួយសហគមន៍ និងធ្វើការកែលម្អសាលារៀនស្របតាមស្តង់ដាសាលារៀនគំរូ ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសមាតាបិតា ឬអាណាព្យាបាល តាមរយៈការបង្កើត និងដំណើរការគណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន។
ទី២-សាលារៀនមានស្វ័យភាពក្នុងការងារផែនការកែលម្អសាលារៀននិងថ្នាក់រៀន ព្រមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន។
ទី៣-សាលារៀនអនុវត្តតេស្តស្តង់ដាជាប្រចាំ និងប្រើប្រាស់លទ្ធផលនៃតេស្តស្តង់ដា ដើម្បីធ្វើការកែលម្អការបង្រៀន និងរៀនការជួយសិស្សរៀនយឺត និងផ្ដល់ព័ត៌មានដល់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ឱ្យចូលរួមគាំទ្របន្ថែម។
ទី៤-សាលារៀនមានស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាដោយផ្តោតលើកម្មវិធីអភិវឌ្ឍន៍យុវជន កម្មវិធីអប់រំច្បាប់ចរាចរណ៍ ការងារស្ម័គ្រចិត្ត ការងារសហគមន៍ និងការអប់រំសីលធម៌។
ទី៥-សាលារៀនយកចិត្តទុកដាក់លើការអប់រំសុខភាព អនាម័យ បរិស្ថានស្អាត សាលារៀនគ្មានសំរាម និងគិតគូរដល់អាហារូបត្ថម្ភដល់សិស្សានុសិស្ស និងទី៦-ការជំរុញការចូលរួមរបស់មាតាបិតា ឬអាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រ និងការអភិវឌ្ឍសាលារៀន។ នៅក្នុងអំឡុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ក្រសួងនឹងជ្រើសរើស សាលារៀនសំណាក ដែលមានសក្តានុពលចំនួន ៥០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថា សម្រេចបានតាមស្តង់ដា សាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំ។
ក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តអនុវត្តគំនិតផ្តួចផ្តើមរបស់ សម្ដេចធិបតី ឱ្យបានជោគជ័យប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ២ឆ្នាំ ខាងមុខ ដោយត្រូវប្រែក្លាយគ្រឹះស្ថានយ៉ាងហោចណាស់ចំនួន ៥០០ ទៅ១០០០ កា្លយទៅជា សាលារៀនគំរូ ដោយចាប់ផ្តើមរៀបចំ សាលារៀនគំរូ សម្រាប់ប្រកាសក្នុងសន្និបាតអប់រំដែលគ្រោងប្រារព្ធឡើង នាខែមេសា ឆ្នាំ២០២៤ ខាងមុខ ឱ្យបានពី ៥០ ទៅ ១០០ សាលា។
ក្នុងដំណើរការពិភាក្សា និងឆ្លង លើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្ដេចធិបតី បានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការជាតិ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី គឺដើម្បីប្រមូលផ្ដុំកម្លាំងបន្ថែមក្នុងការធ្វើសកម្មភាពឱ្យចំគោលដៅ។
សម្ដេចធិបតី បានណែនាំក្រសួងអប់រំ យុវជន និងកីឡា កំណត់អាទិភាព និងសកម្មភាពជាក់ស្ដែងឱ្យបានច្បាស់លាស់ ដោយផ្តោតសំខាន់លើធនធានមនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ ចំនួន៤ ដូចខាងក្រោម៖
១-របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។ វិធានការគន្លឹះនោះរួមមាន ទី១-ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និង ទី៤-ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏ពិនិត្យឡើងវិញលើស្តង់ដាសាលារៀនដែលដាក់ចេញកន្លងមក ដោយបានបញ្ជ្រាបវិធានការគន្លឹះទាំង ៤ ទៅក្នុង «ស្តង់ដាសាលារៀនគំរូ»ចំនួន៥ សម្រាប់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលផ្តោតលើលទ្ធផលសិក្សារបស់សិស្ស ការបង្រៀននិងរៀនការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។
រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ដោយមាន នាយករដ្ឋមន្ត្រី ជាប្រធានអមដោយសមាភាពឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីចំនួន ១៦រូប និងអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ជាសមាជិកផងដែរ៕
ប្រភព៖ AKP