បេក្ខជនជាង ១០០ នាក់ទទួលបានលទ្ធផលល្អក្នុងវេទិកាការងាររបស់ NEA កាលពីម្សិលមិញ

0

ភ្នំពេញ៖ វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ៣២៣ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ។  ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ១២៩ នាក់ទទួលបានលទ្ធផលល្អពីកិច្ចសម្ភាសន៍ ក្នុងនោះមានអ្នកសម្ភាសជាប់ស្ថាពរមានចំនួន ៤នាក់ និង ១២៥ នាក់ផ្សេងទៀតសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះ។

លោក លី សីហៈ និស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលបានសម្ភាសជាប់ការងារនៅក្រុមហ៊ុន JACCS បានលើកឡើងថា កម្មវិធីវេទិកាការងារដែលរៀបចំឡើងដោយ NEA ពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ចំពោះយុវជនដែលជាសិស្សនិស្សិត ឬអ្នកកំពុងស្វែងរកការងារធ្វើ។ កម្មវិធីនេះបានជួយដល់យុវជនឱ្យមានឱកាសជួបសម្ភាសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនដែលខ្លួនស្រឡាញ់ និងពុំចាំបាច់រង់ចាំយូរ គឺដាក់ពាក្យភ្លាម បានសម្ភាសភ្លាម និងដឹងលទ្ធផលភ្លាមៗតែម្តង។

លោក នួន ភីណាន មន្ត្រីធនធានមនុស្សធនាគារ AEON លើកឡើងថា ធនាគារ AEON តែងតែសហការជាមួយនឹង NEA មិនថាជាកម្មវិធីវេទិកាការងារ ឬកម្មវិធីផ្សេងៗជាច្រើនទៀតដូចជាពិព័រណ៌ការងារ កិច្ចសម្ភាសការងារប្រចាំខែជាដើម ព្រោះកម្មវិធីនេះបានជួយឱ្យក្រុមហ៊ុនជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពបានច្រើន និងឆាប់រហស័។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារម្សិលមិញ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ កិច្ចសម្ភាសន៍ការងារ វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

 

សូមជម្រាបជូនថា ក្រុមហ៊ុនទាំង ៧ ដែលបានចូលរួមក្នុងវេទិកាការងារម្សិលមិញនោះមានដូចជា៖ ក្រុមហ៊ុន JACCS ក្រុមហ៊ុន Develocus Investment ផ្សារទំនើបម៉ាក្រូ ធនាគារស្ថាបនា ធនាគារឯកទេស AEON Sokimex និងពន្លឺអលង្កការ។

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ប្រភព៖ AKP