សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៩ចំណុចដើម្បីឱ្យដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក

0

ភ្នំពេញ៖ ក្នុងឱកាសបើក បវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍៩ចំណុច ដើម្បីឱ្យដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។ អនុសាសន៍ទាំងនោះមានជាអាទិ៍៖

 

ទី១. ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដែលបានដាក់ចេញ រួចហើយជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ។

ទី២. គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតងឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយ។

ទី៣. លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងភាសាបរទេស។

ទី៤. មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌របស់កូនទាំងនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ជាដើម។

បន្ថែមពីលើនេះ មាតាបិតា អ្នកអាណាព្យាបាលត្រូវផ្គត់ផ្គង់សម្ភារសិក្សា ទិញសៀវភៅ លំហាត់ឱ្យកូនសម្រាប់ហ្វឹកហាត់ទាំងនៅសាលារៀន និងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារ ថវិកា ដល់ដំណើរការ បណ្ណាល័យនៅតាមសាលារៀន, ចូលរួមក្នុងការអភិវឌ្ឍសាលារៀន, និងគាំទ្រដល់គ្រូបង្រៀន តាមគ្រប់លទ្ធភាព។

ទី៥. ប្អូនៗ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូតនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួននិងចូលរួមធ្វើ “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយនេះដែរ សូមប្អូនៗ ក្មួយៗ សិស្សានុសិស្ស ចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឳពុកម្ដាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀននិងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

ទី៦. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។

ទី៧. ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយគាំទ្រដល់វិស័យអប់រំ ជាពិសេសការលើកកម្ពស់អភិបាលកិច្ចសាលារៀន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទី៨. គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្ដប់គ្រប់ទីកន្លែង គ្រប់ពេលវេលានិងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។

ទី៩. សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប នាំកូននាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះទាំងអស់គ្នា។

ជាថ្មីម្តងទៀត សម្ដេចធិបតី សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និង យុវជនកម្ពុជាគ្រប់ៗរូប៕

ប្រភព៖ AKP