ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌសែនសុខ ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយពន្លឿនការធ្វើប្លង់ កម្មសិទ្ធិដីធ្លី ការស្ដារប្រឡាយ ដាក់លូ ធ្វើផ្លូវបេតុង បញ្ហាសំរាម និងសុំដាក់បង្គោលភ្លើង ជាដើម។
ប្រជាពលរដ្ឋបានស្នើសុំបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្ដម ជួប ខុន សមាជិក ក្រុមប្រឹក្សារាជធានី តំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានប្រធានក្រុម ប្រឹក្សារាជធានី ភ្នំពេញ និងឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខណ្ឌសែនសុខ។
រាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវបាន ឯកឧត្ដម កើត ឆែ អភិបាល រងរាជធានីភ្នំពេញ ដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗនៅនឹងកន្លែង។ ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើ សំណូមពរ ផ្ទាល់មាត់ចំនួន១២នាក់ និងសំណើជាលាយល័ក្ខអក្សរដាក់ចូលក្នុង ប្រអប់សំបុត្រ ចំនួន៥៤សំបុត្រ។ ចំពោះសំណើដែលដោះស្រាយបានភ្លាមៗដូចជា ស្តារ ប្រឡាយ ដាក់លូ ធ្វើផ្លូវ ដោយខ្ញុំបានដាក់ក្នុងគម្រោងហើយ ផ្លូវមួយចំនួនទៀតសុំមន្ត្រីជំនាញចុះសិក្សា បន្ថែមតាមក្រោយ ដើម្បីពិនិត្យលទ្ធភាពធ្វើជូនបញ្ចូលក្នុងគម្រោង អាទិភាព ដើម្បី ប្រជុំដោះស្រាយធ្វើជួនគាត់ភ្លាមផងដែរ។
ឯកឧត្ដមបន្ដថា បញ្ហាសំរាម ដែលប្រជាពលរដ្ឋយកមក បោះចោលលើផ្លូវសាធារណៈ បង្កអោយស្អុយប៉ះពាល់សុខភាពអ្នកជិតខាង សូមឱ្យសង្កាត់ ខណ្ឌ សហការជួយក្រុមហ៊ុន ប្រមូលសំរាម ដើម្បីសម្អាត និងត្រូវដាក់កម្លាំងប្រចាំការ ដើម្បីឃ្លាំមើល នឹងឃាត់ពលរដ្ឋ មកពីក្រៅភូមិ ដែលយកសំរាមមកចាក់ចោលនៅទីតាំងនេះ។ សូមបងប្អូនចូលរួមទុកដាក់ សំរាមឱ្យបានល្អ បើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ សំរាមនៅតែជាបញ្ហារហូតមិនស្អាត នោះទេ។ យើងចូលរួមក្នុងការរក្សា សន្តិភាព មានសន្តិភាព គឺមានអ្វីៗគ្រប់យ៉ាងទាំងអស់ សុំ បន្តចូលរួមរក្សាសន្តិភាពនេះឱ្យនៅគង់វង្ស ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីក ចម្រើនបន្ថែមទៀត។
ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សា យ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់ របស់ប្រជាពលរដ្ឋ ដែលមានបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍ នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបាន ដឹងឮ និងរកយន្តការដោះស្រាយជូនគាត។
ឯកឧត្ដមបន្ដថា សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវព័ត៌មានជាក់លាក់មួយ និងបានធ្វើឱ្យ រដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានា របស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងស្វែងរកនូវ ដំណោះស្រាយ ជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាង ឱ្យរដ្ឋបាលសាធារណៈ៕
ប្រភព៖ AKP