ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួងមហាផ្ទៃ ត្រូវពិនិត្យទៅលើការដាក់ពិន័យឱ្យបានធ្ងន់ធ្ងរបន្ថែមទៀតចំពោះអ្នកដែលប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ជីវិតដល់អ្នកដទៃ។ ការស្នើរបស់ឯកឧត្ដមអភិសន្តិបណ្ឌិតបែបនេះ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់ស្នងការរាជធានី ខេត្ដ យកចិត្ដទុកដាក់បន្ថែម ដោយ ៨២ភាគរយ ដែលគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ដោយសារតែអ្នកប្រើប្រាស់ម៉ូតូ ហើយបច្ចុប្បន្ន បញ្ហាការក្រេបគ្រឿងស្រវឹងនេះ មានភាពទូលំទូលាយ។ ឯកឧត្ដមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា៖ «អីចឹងម៉ូតូ មធ្យោបាយកង់ពីរនេះគឺជាអាវុធមុខពីរ សម្រាប់យើងទាំងអស់គ្នាបន្ដយកចិត្ដទុកដាក់ ជាពិសេសក្នុងការរឹតបន្ដឹង ការចង្អុលបង្ហាញ ពន្យល់បង្រៀនដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ ជាពិសេសការពាក់មួកពេលជិះម៉ូតូក្នុងការធ្វើដំណើរលើផ្លូវជាតិ ឬលើផ្លូវលំហ្នឹងក៏មានគ្រោះថ្នាក់ច្រើនផងដែរ។ ឯកឧត្ដមអភិសន្តិបណ្ឌិតបញ្ជាក់ផងដែរថា ៥៤ភាគរយ សម្រាប់អ្នកដែលគ្រោះថ្នាក់ ឬអ្នកដែលបង្កឱ្យស្លាប់នេះ ភាគច្រើននៅពេលយប់ ហើយក្នុងរយៈពេលជាង៣ខែនេះ ឯកឧត្ដមអភិសន្ដិបណ្ឌិតក៏បានបាញ់រឿងមានគ្រោះថ្នាក់នេះទៅដល់ស្នងការរាជធានី ខេត្ដ គឺមាន១៦រឿង ដែលគ្រោះថ្នាក់ទាំងនេះ គឺភាគច្រើនទាក់ទងនឹងគ្រឿងស្រវឹងទាំងអស់បង្កឱ្យបាត់បងជីវិតអ្នកដទៃ ឬអ្នកដែលជិះជាមួយ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានអះអាងបន្ថែមថា៖ «ដូច្នេះ ខ្ញុំសូមស្នើឱ្យគណៈកម្មាធិការរបស់យើង ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាក្រសួងមហាផ្ទៃរបស់យើងនៅទីនេះ ក្នុងការពិនិត្យដាក់ពិន័យឱ្យរាងធ្ងន់បន្ដិច អ្នកដែលប្រើប្រាស់គ្រឿងស្រវឹងដែលបង្កឱ្យគ្រោះថ្នាក់បាត់បង់ជីវិតដល់អ្នកដទៃ»។
ជាមួយគ្នានេះដែរ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ២០២១-២០៣០ គឺជាឧបករណ៍សម្រាប់ចង្អុលបង្ហាញអំពីផែនការសកម្មភាព ដែលបានដាក់ចេញក្នុងគោលបំណងកាត់បន្ថយអត្រាអ្នកស្លាប់ និងរបួសឱ្យបាន៥០ភាគរយ ដោយកំណត់គោលដៅសំខាន់ចំនួនពីរ ទីគោលដៅទី១ កាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសតាមកត្ដាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងគោលដៅទី២ បង្កើនប្រសិទ្ធភាពការអនុវត្ដការងារសុវត្ថិភាពផ្លូវគោកដោយផ្ដោតលើសសរស្ដម្ភចំនួន៦។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែបន្ដជាបញ្ហាប្រឈមដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងតែយកចិត្ដដោះស្រាយបន្ថែមតាមគ្រប់វិធីសាស្រ្ដ។ ជាក់ស្ដែង ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ ដែលបានដាក់ឱ្យអនុវត្ដន៍សាកល្បងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងបានដាក់ឱ្យអនុវត្ដន៍ពេញលេញចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដើម្បីបង្កើនប្រសិទ្ធភាព យន្ដការរឹតបន្ដឹងការអនុវត្ដច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យកាន់តែប្រសើរជាងមុន សំដៅរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានមួយកម្រិតទៀត។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា កម្មវិធីនេះ អនុញ្ញាតឱ្យនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្ដិ លើអ្នកដែលបានប្រព្រឹត្ដខុសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ព្រមទាំងបង្កើនសមត្ថភាពមន្រ្ដីនគរបាលចរាចរណ៍លើការប្រើប្រាស់បច្ចកវិទ្យាថ្មីក្នុងការគ្រប់គ្រងទិន្នន័យការពិន័យអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក៕
ប្រភព៖ AKP