សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិសុខថាមពលនិងឯករាជ្យថាមពលគឺជាគោលដៅរបស់រាជរដ្ឋាភិបាល

0

កោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ នេះ បានមានប្រសាសន៍ថា សន្តិសុខថាមពលនិងឯករាជ្យថាមពលគឺជាគោលដៅរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតីមានប្រសាសន៍នៅក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើមានអានុភាព ១៥០ ម៉េហ្គាវ៉ាត់នៅស្រុកថ្មបាំងខេត្តកោះកុង។

សម្តេចធិបតីបន្តថា យើងដាក់គោលដៅធ្វើយ៉ាងណាដើម្បីជំរុញវិស័យអគ្គិសនីមិនត្រឹមតែដោះស្រាយសម្រាប់ប្រជាពលរដ្ឋត្រូវការសាកទូរស័ព្ទនោះទេគឺបើកឱ្យកូនរៀនពេលយប់ ត្រូវការធ្វើអាជីវកម្មស្រួលជាជាងប្រើប្រាស់ម៉ាស៊ីនភ្លើងនិងទិញភ្លើងពីឯកជន។

សម្តេចធិបតីបន្តថា មានតិចណាស់ឥឡូវ នេះអ្នកដែលអត់ប្រើថាមពលសូម្បីតែឡានមកហ្នឹងប្រើប្រេង ប៉ុន្តែអាគុយវាត្រូវការសាកភ្លើងដែរ ទូរស័ព្ទត្រូវការសាកថ្ម។គ្រឿងសម្ភារទាំងអស់ រោងចក្រកន្លែងធ្វើការគ្រប់វិស័យទាំងអស់គឺត្រូវការថាមពល រួមទាំងវិស័យសន្តិសុខជាតិ ។ អញ្ចឹងយើងត្រូវបន្តធ្វើឱ្យមានសន្តិសុខថាមពលនិងឯករាជ្យភាពថាមពល គឺជាអ្វីដែលយើងដាក់គោលដៅក្នុងការខិតខំឱ្យមានសន្តិសុខថាមពលគឺធានាថា យើងអាចផលិតថាមពលខ្លួនឯងបាននៅពេលដែលចាំបាច់។

សម្តេចធិបតីបន្តថា សន្តិសុខថាមពលនេះសំខាន់ណាស់ ព្រោះយើងមិនអាចពឹងដង្ហើមគេដករហូតនោះទេ ។ បើសិនជាយើងមិនមានសមត្ថភាពខ្លួនឯងយើងនឹងជួបគ្រោះថ្នាក់។អញ្ចឹងយើងខិតខំជាពិសេសអភិវឌ្ឍន៍វិស័យគឺមិនមែនតែការកសាងវារីអគ្គិស នីទេ វារីអគ្គិសនីជាប្រភពមួយផលិតមានតម្លៃថោក។

សម្តេចធិបតីបន្តថា ប្រសិនថាមពលដំឡើង ថ្លៃយើងមានលទ្ធភាពទប់បាន។សម្តេចធិបតីបន្ថែមថា បើយើងគ្មានសន្តិសុខថាមពលយើងក៏មិនមានសន្តិសុខសេដ្ឋកិច្ចនិងជីវភាពនោះដែរ។សេដ្ឋកិច្ចរបស់យើងមួយភាគធំគឺពឹងផ្អែកទៅលើថាមពលអគ្គិសនីនេះហើយ។ អញ្ចឹងការធានាសន្តិសុខថាមពលគឺត្រូវតែធ្វើបន្តព្រោះវាសំខាន់ណាស់៕

ប្រភព៖ AKP