បន្ទាយមានជ័យ៖ លោក ឈឿម សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរប្រមាណ ៨៨ ៦៣៤នាក់ បានទៅទស្សនានៅខេត្តបន្ទាយមានជ័យ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមកនេះ ។
លោកប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ បានបន្តថា ក្នុងចំណោមភ្ញៀវនោះ មានភ្ញៀវទេសចរបរទេស ចំនួន ២៤នាក់ និងភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៨៨ ៦១០នាក់ ។
លោក ឈឿម សេរីវុធ បានឱ្យដឹងទៀតថា ភ្ញៀវទេសចរទស្សនាកម្សាន្ត ក្នុងខេត្តបន្ទាយមានជ័យនេះ មានដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ដូចជាប្រាសាទបន្ទាយឆ្មារ, បន្ទាយទ័ព,អាងជើងគ្រួស, អាងត្រពាំងថ្ម ជាពិសេសនោះនាថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានព្រឹត្តិការណ៍រៀបចំពិធីបុណ្យអុំទូក នៅបារាយណ៍ប្រាសាទមេបុណ្យ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលមានភ្ញៀវរាប់ពាន់នាក់ចូលរួមទស្សនា ជាមួយនឹងការរៀបចំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីកន្លែងតំបន់រមណីយដ្ឋាន បានយ៉ាងល្អប្រសើរនោះ ៕
ប្រភព៖ AKP