កោះកុង៖ «សន្តិសុខថាមពលអគ្គិសនី ពិតជាសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ និងប្រជាជន សន្តិសុខ និងឯករាជ្យនៃថាមពលអគ្គិសនី គឺជាទិសដៅរបស់រាជរដ្ឋាភិបាលត្រូវតែពង្រឹង និងពង្រីក»។ នេះជាការថ្លែងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចធិបតី បានថ្លែងថា វិស័យអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាព មានសន្តិភាព ទើបមានសមិទ្ធផលកើតឡើង បើគ្មានសុខសន្តិភាព ក៏គ្មានការអភិវឌ្ឍផ្នែកថាមពលអគ្គិសនីនោះដែរ។
បើតាម សម្ដេចធិបតី ការអភិវឌ្ឍថាមពលអគ្គិសនី និងការតបណ្តាញអគ្គិសនីជូនពលរដ្ឋនាពេលបច្ចុប្បន្ន គឺជាសមិទ្ធផលជាក់ស្តែង ហើយរាជរដ្ឋាភិបាលអភិវឌ្ឍន៍ ដោយការទទួលខុសត្រូវ គិតគូរពីផលប៉ះពាល់លើបរិស្ថាន។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតថាមពលនៅក្នុងស្រុកបាន ៣,៤៦៤មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ក្នុងនោះអគ្គិសនីបានពីថាមពលស្អាតមានប្រមាណ ៦០ភាគរយ៕
ប្រភព៖ AKP