ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកកញ្ចប់លទ្ធផលវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក នាយក នាយិកា នៃវិទ្យាល័យក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ មានប្រសាសន៍ថា នេះជាឆ្នាំដែលសម្រេចបានគោលដៅ ដែលយើងបានដាក់ផែនការ ក្នុងនោះវិទ្យាល័យចំណេះទូទៅក្រុងព្រះសីហនុ ទទួលបាននិទ្ទេស A ចំនួន ១២នាក់, វិទ្យាល័យ ហ៊ុន សែន មិត្តភាព ទទួលបាននិទ្ទេស A ចំនួន ៩នាក់ ស្រី ៥នាក់, វិទ្យាលល័យ ហ៊ុន សែន ឃ្លាំងលើ ទទួលបាននិទ្ទេស A ចំនួន ២នាក់ ស្រី២, វិទ្យាល័យជីវិត ទទួលបាននិទ្ទេស A ១នាក់, សាលាសុវណ្ណភូមិទទួលបាននិទ្ទេស A ៥នាក់ ស្រី ៣នាក់, សាលាអន្តរទ្វីប ទទួលបាននិទ្ទេស A៥នាក់ ស្រី ១នាក់។ ស្រុកព្រៃនប់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ទទួលបាននិទ្ទេស A ចំនួន ៣នាក់ ស្រី ២នាក់, វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ទទួលបាននិទ្ទេស A ចំនួន ៣នាក់ ស្រី ២នាក់ ។ សរុបទូទាំងខេត្តព្រះសីហនុ ទទួលបាននិទ្ទេស A ចំនួន ៤០នាក់ សម្រាប់ឆ្នាំសិក្សា២០២២- ២០២៣នេះ ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ និងសាលាឯកជនក្នុងខេត្តព្រះសីហនុ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តព្រះសីហនុ ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣នេះ ខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អជាងបណ្តាឆ្នាំកន្លងមក ហើយការទទួលបាននិទ្ទេស A មានចំនួនច្រើននាពេលនេះ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូរបស់យើង ក្នុងការជួយបង្ហាត់បង្រៀនដល់សិស្សានុសិស្សរបស់យើងនោះដែរ និងបានអំពាវនាវដល់លោកគ្រូ អ្នកគ្រូត្រូវបន្តការខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យសិស្សានុសិស្សខេត្តរបស់យើង ទទួលបាននិទ្ទេស A កាន់តែច្រើននៅឆ្នាំខាងមុខ ។
សូមរម្លឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២កន្លងទៅ ខេត្តព្រះសីហនុ ទទួលបាននិទ្ទេស A ចំនួន ២១នាក់ ៕
ប្រភព៖ AKP