Home សង្គម អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣ មានទូកសរុប ៣៣៧ទូក និងកីឡាករ កីឡាការិនី សរុបជាង ២ម៉ឺននាក់

អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣ មានទូកសរុប ៣៣៧ទូក និងកីឡាករ កីឡាការិនី សរុបជាង ២ម៉ឺននាក់

0

ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានទូកអុំ និងទូកចែវ សរុប ៣៣៧ទូក និងមានចំណុះទូកជាកីឡាករ កីឡាការិនីសរុប ២០ ៤១៧ នាក់។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៊ូ ជុំសេរី មានប្រសាសន៍ថា ក្នុងចំនួន ៣៣៧ ទូក នេះបានកើនឡើងជាងកាលពីឆ្នាំ២០១៩កន្លងទៅ ក្រោយខកខានរៀបចំ៣ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ ក្នុងចំនួននេះគឺមានទូកអុំបុរស ១៥៨ទូក ចែវបុរស ៤២ទូក (ទូកចែវនារី១ទូក) ទូកខ្នាតអន្តរជាតិបុរស ១៣៤ទូក (ទូកខ្នាតអន្តរជាតិនារី ២ទូក) កម្លាំងអុំបុរស ១៦ ៤៨៧ នាក់ (កម្លាំងអុំនារី ៨៧នាក់) កម្លាំងត្រៀមបុរស ២ ៧៦៥ នាក់ និងកម្លាំងត្រៀមនារី ៧៨នាក់ កម្លាំងសរុប  ២០ ៤១៧ នាក់។

បើតាមឯកឧត្ដម ប៊ូ ជុំសេរី បានឱ្យដឹងទៀតថា ចំពោះខេត្តដែលបានបញ្ជូនទូកមកចូលរួមប្រកួត ឆ្នាំ២០២៣នេះ គឺខេត្តកណ្តាលបានបញ្ជូនច្រើនជាងគេ ដោយឈរនៅលំដាប់ទី១ រហូតដល់ ១០១ទូក ក្នុងនោះ មានទូកអុំបុរស ៥០ទូក, ទូកចែវបុរស ១៥ទូក, ទូកខ្នាតអន្តរជាតិបុរស ៣៦ទូក ដោយមានចំណុះទូកក្នុងបញ្ជីដំបូង និងបម្រុងសរុប ៦ ០៨០ នាក់។ បន្ទាប់មក ខេត្តព្រៃវែង ឈរលេខ២ ដោយបានត្រៀមបញ្ជូនទូកចូលរួមចំនួន ៥៦ទូក ក្នុងនោះមានទូកអុំបុរស ១៧ទូក ទូកខ្នាតអន្តរជាតិបុរស ៣៩ទូក និងមានចំណុះទូកសរុប ២ ៥៩១ នាក់។ ចំណែក រាជធានីភ្នំពេញ ឈរលេខ៣ ដោយមានចំនួនទូកចូលរួម ៤៤ទូក ក្នុងនោះ មានទូកអុំបុរស ២៥ទូក ទូកចែវបុរស ៧ទូក ទូកខ្នាតអន្តរជាតិបុរស ១០ទូក និងនារី ២ទូក ខណៈចំណុះទូកក្នុងបញ្ជីដំបូង និងបម្រុង សរុប ២ ៨៧៩ នាក់។

សូមជម្រាបជូនថា ចំពោះរាជធានី ខេត្ត និងក្រសួង ស្ថាប័ន អង្គភាពសរុបមានចំនួន២៥ ក្នុងនោះ មាន១៩ រាជធានី-ខេត្ត និងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងផែនការ កីឡានគរបាលជាតិ កងទ័ពជើងទឹក កងទ័ពជើងគោក និងវត្តមហានន្ទិយនេរញ្ជរាមនិវេទ ហៅវត្ដ (ព្រែកប្រាំង)៕

ប្រភព៖ AKP

Previous articleឯកឧត្តម គួច ចំរើន៖ ទោះបីអ្នកធ្វើដំណើរមកពីណាក៏ដោយ ឱ្យតែសមត្ថកិច្ចរកឃើញមានពាក់ព័ន្ធ ប្រើប្រាស់គ្រឿងញៀនត្រូវតែចូលមណ្ឌលបន្សាប, អ្នកពាក់ព័ន្ធការជួញដូរត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់
Next articleខេត្តព្រះសីហនុ ទទួលបាននិទ្ទេស A ចំនួន ៤០នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣