ក្រសួងជំនាញចំនួនបី ចុះMoUលើកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.khរួមគ្នា

0

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងជំនាញចំនួនបី បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត។

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត។

ពិធីចុះហត្ថលេខានេះបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលខ្លឹមសារសំខាន់នៃការចុះហត្ថលេខានេះរួមមាន ៖
– កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត រវាង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម។
– កិច្ចសហប្រតិបត្តិការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម រវាង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម។

 


– កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាល ជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងអធិការកិច្ច រវាង ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអធិការកិច្ច៕

ប្រភព៖ AKP