សម្ដេចតេជោ ហ៊ុន សែន អរគុណចំពោះវិភាគទានដ៏ធំធេងរបស់មិត្តចិន ក្នុងដំណើរការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងឯករាជ្យភាពកម្ពុជា

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះវិភាគទានដ៏ធំធេងរបស់មិត្តចិន ក្នុងដំណើរការ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ក្នុងការចូលរួមពង្រឹងឯករាជ្យភាពកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ចេញផ្សាយនាព្រលប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយលោកជំទាវ ស៊ិន យៀកយៀក (Shen Yueyue) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅវិមាន ៧មករា។ លោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី និងឯកឧត្តម វ៉ាង ហួយនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនជូនចំពោះសម្ដេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេសកម្ពុជា ប្រកបដោយសន្តិភាព នាំមកនូវស្ថិរភាព និងវិបុលភាព ជូនប្រជាជន។ ទស្សនកិច្ចរបស់លោកជំទាវលើកនេះ បានជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសារលិខិតអបអរសាទររបស់ អគ្គលេខាធិការបក្សកុម្មុយនីស្ត ចិន ជូនចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា កាលពី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណចំពោះវិភាគទានដ៏ធំធេងរបស់មិត្តចិន ក្នុងដំណើរការ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ក្នុងការចូលរួមពង្រឹងឯករាជ្យភាពកម្ពុជា។ ភាគី ចិនបញ្ជាក់អំពីការបន្តគាំទ្រការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេសជាតិ និងប្រជាជន។ ក្នុងបរិបទដែលនយោបាយអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរប្តេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជននឹងប្រជាជនឱ្យកាន់ស៊ីជម្រៅថែមទៀត។ ក្នុងនាមជាមិត្តដែកថែប ភាគីទាំងពីរបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួម ស្របតាមមាគ៌ា អភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរបានប្ដេជ្ញាបន្តបង្កើននូវសមិទ្ធិផលផ្លែផ្កាជាក់ស្តែងលើ “ច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងមច្ឆារ និងអង្គរ ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា៕

ប្រភព៖ AKP