USAID ប្រកាសគម្រោងថ្មី ដែលមានទឹកប្រាក់ ៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនៅទូទាំងប្រទេសកម្ពុជា

0

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសគម្រោងថ្មីមួយ មានឈ្មោះថា “គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ជំហានទី២ (EQHA II)” ដែលមានរយៈពេល៥ឆ្នាំ ក្នុងទឹកប្រាក់ ៣៥លានដុល្លារ ដើម្បីបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពសេវាសុខាភិបាលសាធារណៈ និងឯកជនសម្រាប់ប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ USAID។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជំហានទី២(EQHA II) កសាងនៅលើភាពជោគជ័យយ៉ាងសំខាន់ដែល សម្រេចបានតាមរយៈគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជំហានទី១(EQHA) ដែលបានអនុវត្តន៍រយៈពេល៥ឆ្នាំ (២០១៨ ដល់ ២០២៣) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ ដើម្បីលើកកម្ពស់ការទទួល បានអាជ្ញាប័ណ្ណ និងការទទួលស្គាល់គុណភាពដែលនាំឱ្យមានការកែលម្អ នូវគណនេយ្យភាពរបស់ អ្នកផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេសកម្ពុជា។

គម្រោង EQHA II ដែលមានតម្លៃ ៣៥លានដុល្លា សហរដ្ឋអាមេរិករបស់ USAID នឹងត្រូវអនុវត្តន៍ដោយ អង្គការ FHI 360 ជាអង្គការអន្តរជាតិដែលបានសហការជាមួយប្រទេសកម្ពុជា និងជាដៃគូធ្វើការជាមួយ USAID នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំ។  ជំនួយរបស់ USAID តាមរយៈគម្រោង EQHA II និងការសម្របសម្រួលជាមួយក្រសួងសុខាភិបាល  នឹងគាំទ្រប្រទេសកម្ពុជាក្នុងការជំរុញ និងពន្លឿនប្រព័ន្ធសម្រាប់ធានា ត្រួតពិនិត្យ និងបង្កើនស្តង់ដារគុណភាពតាមរយៈប្រព័ន្ធសុខាភិបាលជាតិ។ គម្រោងនេះក៏ជួយកម្ពុជាក្នុងការពន្លឿនវឌ្ឍនភាព និងនិរន្តរភាពដោយដោះស្រាយបញ្ហាប្រឈម សុខភាពសាធារណៈអាទិភាព រួមមាន ការកាត់បន្ថយករណីឆ្លងថ្មីជំងឺអេដស៍ និងរបេង កាត់បន្ថយ មរណៈភាពមាតា និងទារក លើកកម្ពស់សុខភាពបន្តពូជ និងពង្រឹងការត្រៀមខ្លួន និងឆ្លើយតបទៅនឹង ការរគំរាមកំហែងនៃជំងឺឆ្លងថ្មី។

លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ USAID ប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖  “USAID កំពុងបន្តផ្តល់ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើងចំពោះប្រជាជនកម្ពុជា តាមរយៈការគាំទ្រ ដល់ប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា រួមទាំងអ្នកផ្តល់សេវាសុខាភិបាល ទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល”។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា ការងារនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការបន្តឱ្យមានភាពរីកចម្រើននៃវិស័យសុខភាពសាធារណៈដែលសម្រេចបានរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

សូមជម្រាបជូនថា វិស័យសំខាន់ៗដែលត្រូវផ្តោតរួមមាន ការធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មសេវាសុខភាពសាធារណៈ ដើម្បីបង្កើននូវប្រសិទ្ធភាព និងប្រសិទ្ធផល លើកកម្ពស់ប្រព័ន្ធនិយ័តកម្ម និងការទទួលស្គាល់គុណភាព និងការពង្រឹងសមត្ថភាពស្ថាប័នរបស់ប្រព័ន្ធសុខាភិបាល ដើម្បីដោះស្រាយអាទិភាពសុខភាពជាតិនានា។ វិធីសាស្ត្រគ្រប់ជ្រុងជ្រោយនេះធានាបាននូវការឆ្លើយតបដ៏រឺងមាំ ចំពោះតម្រូវការសុខភាពដែលកំពុងវិវត្តរបស់ប្រទេសកម្ពុជា៕

ប្រភព៖ AKP