សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រយៈពេល៣ខែកន្លងមកនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់រួចហើយកម្មវិធីចំនួន៥

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ ខែ កន្លងមកនេះរាជរដ្ឋាបាលបានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន ៥ និងបានដាក់ឱ្យប្រើប្រាស់រួចហើយ  ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធី “សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣” ស្តីពី “ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន” នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះកម្មវិធីគោលនយោបាយអាទិភាពចំនួន៥ នោះ រួមមាន ១.យុទ្ធសាស្រជាតិអភិវឌ្ឍន៍ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(២០២៣-២០២៨)។ ២.ការពង្រឹងមូលនិធិសមធ៌មសុខាភិបាល សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ៣.កម្មវិធីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ជាមួយការពង្រីកវិសាលភាពរបបសន្តិសុខសង្គមថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស តាមគោលការណ៍ស្ម័គ្រចិត្ត។ ៤. កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ទី៥ .ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិកម្មបែបថ្មី ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ក្នុងអំឡុងពេលនេះដែរក្នុងចំណោមវិធានការកន្លឹះដែលមានចរិតជាការកែទម្រង់ស្ថាប័នរាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវគណៈកម្មការជាតិចំនួនបី រួមមានគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ, គណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំ និងគណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យសុខាភិបាល។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវការរៀបចំនិងកិច្ចដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា សប្តាហ៍កន្លងទៅនេះនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី ១៩ សម្តេចក៏បានសម្រេចដាក់ចេញវិធានការមុតស្រួចដែលមានចរិតជាការ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីដើម្បីជំរុញដល់ការធ្វើពិពិតកម្មសេដ្ឋកិច្ចនិងការលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជាក៏ដូចជាការឆ្លើយតបកង្វល់របស់ផ្នែកឯកជនដែលមានជិត ២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ច និងការសម្រាលបន្ទុករបស់ប្រជាជនទូទៅ៕

ប្រភព៖ AKP