ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរងបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាកានៃរបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។
ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថាន បានបញ្ជាក់ថា ការចុះធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជារបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់អំពីកម្មវិធីសិក្សា និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់វិទ្យាស្ថាន NPIC នៅលើមុខជំនាញនីមួយៗ ជាពិសេសលើជំនាញ បច្ចេកទេស វិស្វកម្ម ដែលសិស្សនិស្សិតមិនត្រឹមតែសិក្សាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើការអនុវត្តជាក់ស្តែងផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមនាយកវិទ្យាស្ថានក៏បានធ្វើបទឧទ្ទេសនាមដោយសង្ខេបអំពីប្រវត្តិរបស់វិទ្យាស្ថាន NPIC ជូនដល់គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ និងការចូលពិនិត្យមើលផ្ទាល់នូវសកម្មភាពការពារគម្រោង និងប្រឡងបញ្ចប់វគ្គសិក្សារបស់សិស្សនិស្សិតតាមជំនាញទាំងអស់ ដែលមានចំនួនប្រមាណ ១៨០០នាក់។
គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំនៅកម្ពុជាដែលស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថាននេះកំពុងបណ្តុះបណ្តាលសិស្សនិស្សិតកម្ពុជាចាប់តាំងពីថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត C1 C2 C3 ថ្នាក់បណ្តុះបណ្តាលវគ្គខ្លី ថ្នាក់ឧត្តមសិក្សា ថ្នាក់ក្រោយបរិញ្ញាបត្រ ដែលរួមមានជំនាញជាច្រើនដូចជា វិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិក វិទ្យាសាស្រ្តអុបទិក វិស្វកម្មសំណង់ស៊ីវិល និងស្ថាបត្យកម្ម វិស្វកម្មអេឡិចត្រូនិក និងទូរគមនាគមន៍ វិស្វកម្មមេកានិករថយន្ត ទេសចរណ៍និងបដិសណ្ឋារកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថានមានដៃគូសហការជាមួយវិស័យរដ្ឋ និងឯកជន ទាំងក្នុងប្រទេស និងក្រៅប្រទេសចំនួន២២៦៕
ប្រភព៖ AKP