ឯកឧត្តម ប៊ូ ជុំសេរី ៖ បុណ្យអុំទូកមានទិដ្ឋភាពមួយផ្នែក គឺការប្រណាំង ដោយកីឡាករ កីឡាការិនីត្រូវគោរពឱ្យបាននូវគោលការណ៍សំខាន់៣យ៉ាង

0

ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានលើកឡើងថា ក្នុងនាមជាអ្នកជំនាញកីឡាមួយរូបយល់ឃើញថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ គឺមានទិដ្ឋភាពមួយផ្នែក គឺការប្រណាំងទូក ដោយឯកឧត្តមបានស្នើសុំឱ្យកីឡាករ កីឡាការិនីចំណុះទូកទាំងអស់គោរពឱ្យបាននូវឧត្តមគតិកីឡា ដោយមានគោលការណ៍៣យ៉ាងសំខាន់ក្នុងកីឡា។

នៅក្នុងបទសម្ភាសន៍ដោយឡែកជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៊ូ ជុំសេរី បានពន្យល់ថា គឺទី១. គឺការលេងដោយយុត្តិធម៌ (Fair Play) សុចរិតភាព មិនកេងប្រវ័ញ្ច មិនឆ្លៀតឱកាសយកប្រៀបយកឈ្នះដៃគូ ក្នុងអំពើអយុត្តិធម៌។ ទី២. ត្រូវមានសាមគ្គីភាព (Friendship) ដែលគ្រប់ភាគីប្រកួតប្រជែងត្រូវតែគោរពឱ្យបាន ដើម្បីឆ្លើយតបទៅនឹងគោលការណ៍កីឡា ក្នុងគោលដៅពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាតិនីមួយៗផង និងថែរក្សាសុខសន្តិភាព ភាពសុខដុមរមនារបស់ប្រជាជននៃប្រទេសនីមួយៗផងដែរ តាមរយៈការអភិវឌ្ឍវិស័យកីឡា។ ទី៣. ការចូលរួមប្រណាំងទូក ក៏ដូចជាប្រភេទកីឡាផ្សេងៗ (Fighting Spirit) ចង់ឃើញពីការខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់កីឡាករ កីឡការិនី ក្នុងការអភិវឌ្ឍកាយសម្បទា ក្នុងស្មារតីប្រយុទ្ធតស៊ូអង់អាចក្លាហាន ដោយបណ្តុះសមត្ថភាពតាមរយៈការចូលរួម។

ឯកឧត្ដមបានថ្លែងបញ្ជាក់ថា ដូច្នេះហើយ នៅក្នុងទ្រឹស្តីកីឡា មានគោលការណ៍សំខាន់ៗចំនួន៣យ៉ាងនេះ ដើម្បីពង្រឹងបុគ្គលិកលក្ខណៈរបស់មនុស្ស។ ចំពោះការចូលហ្វឹកហាត់ ឬប្រកួតកីឡាបានប្រយោជន៍អ្វី? ដោយត្រង់ចំណុចនេះ ឯកឧត្តម ប៊ូ ជុំសេរី បានពន្យល់ថា៖ «វាមានប្រយោជន៍ច្រើន តាមរយៈការលេងកីឡា ដែលបង្ហាញពីការតស៊ូ ការប្រយុទ្ធជាដើម ដោយមានបុគ្គលិកលក្ខណៈរបស់មនុស្សមានការកើនឡើងជាងបុគ្គលធម្មតា រហូតដល់អ្នកប្រាជ្ញជំនាន់ដើមបានកំណត់ថា វិស័យអប់រំកាយ និងកីឡា គឺជាផ្នែកដ៏សំខាន់មួយ ដើម្បីជួយជំរុញឱ្យមនុស្សទទួលបានភាពជោគជ័យក្នុងជីវិតរបស់ខ្លួន ក៏ដូចជាសង្គមជាតិផងដែរ។ អ្នកលេងកីឡាមានស្មារតីរឹងមាំ ហើយរាងកាយក៏រឹងមាំដែរ ដោយការលេងកីឡាបានលុតដំទាំងស្មារតី និងរាងកាយ ក្នុងការជួយជំរុញឱ្យអ្នកលេងកីឡាមានសុខភាពល្អ ស្មារតីល្អ ដើម្បីអភិវឌ្ឍន៍ខ្លួនផង និងសង្គមជាតិរបស់ខ្លួនទៀតផង»៕

ប្រភព៖ AKP