កំពង់ឆ្នាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិ លេខ ៥ (ព្រែកក្ដាម-បាត់ដំបង) ប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ និង ពិធីបើកការដ្ឋាន សាងសង់ កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង៣៥,១៤ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតីនាយករដ្ឋមន្ត្រី បានចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ដោយមានប្រសាសន៍ថា «មានផ្លូវ មានក្តីសង្ឃឹម» ព្រោះតែអត្ថប្រយោជន៍មហាសាលជាច្រើន ដូចជា ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងនឹងដើរតួជាកាតាលីករជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ទាំងនៅតាមតំបន់ជុំវិញ និងនៅទូទាំងប្រទេស ផងដែរ ។ សម្តេចធិបតី បានបន្តមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ៥ នេះ មិនត្រឹមតែជាខ្សែផ្លូវជាតិដែលវែងជាងគេនោះទេ, ផ្លូវនេះក៏ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស ។ ជាមួយគ្នានេះ, ផ្លូវជាតិលេខ៥ ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវជាតិ, ផ្លូវខេត្ត និងតំបន់ទីប្រជុំជនសំខាន់ៗជាច្រើន ហើយថែមទាំងតភ្ជាប់ទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ ផងដែរ ។ នៅក្នុងក្របខណ្ឌតំបន់, ផ្លូវជាតិលេខ ៥ ជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់ពីប្រទេសចិន, ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា, ឆ្លងកាត់ប្រទេសថៃ មកដល់កម្ពុជា និងបន្តទៅប្រទេសវៀតណាម ដែលផ្លូវនេះត្រូវបានគេហៅថា ផ្លូវអាស៊ានហាយវេ លេខ ១ (AH1) ។
សម្តេចធិបតី ក៏បានធ្វើការរម្លឹកផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺចាប់ផ្ដើមពីព្រែកក្ដាម រហូតដល់សិរីសោភ័ណ មានប្រវែងសរុប ៣៣០,៨៩ គីឡូម៉ែត្រ ហើយក្នុងនោះ បានបែងចែកជា ៣ កំណាត់ រួមមាន៖ (១.) កំណាត់ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ», (២.) កំណាត់ភាគខាងត្បូង «ព្រែកក្ដាម-ធ្លាម្អម» និង (៣.) កំណាត់ភាគកណ្ដាល «ធ្លាម្អម-បាត់ដំបង» ដែលប្រើប្រាស់រយៈពេលសាងសង់ សរុបប្រមាណ ៧ ឆ្នាំ និង ប្រើថវិកាសរុបប្រមាណ ៦៩១ លានដុល្លារអាមេរិក, ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ។ កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ» ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួច ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ ។ ដោយឡែក, កំណាត់ផ្លូវជាតិលេខ ៥ «ព្រែកក្ដាម-បាត់ដំបង» ដែលប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នេះ ជាកំណាត់ចុងក្រោយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ដែលបានចាប់ផ្ដើមសាងសង់កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨ មានប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ ដោយបានប្រើថវិកាសរុបប្រមាណ ៤០៨,៤៣ លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់, ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ហើយបានបញ្ចប់ការសាងសង់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ។
ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងផ្តល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងជាធនធានមនុស្ស, ចំណេះដឹងបច្ចេកទេស, និងធនធានហិរញ្ញវត្ថុ ដើម្បីឱ្យសម្រេចបាននូវគម្រោងខ្នាតធំបែបនេះ ។ ការគាំទ្រទាំងនេះ សបញ្ជាក់ថា ជប៉ុន គឺពិតជាមិត្តដ៏ល្អមួយរបស់កម្ពុជា ហើយការជួយគាំទ្រពីមិត្តជប៉ុននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ និងស្ពាន គឺពិតជាបាន និងកំពុងរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រោះរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ការកសាងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងក៏ជាយុទ្ធសាស្រ្តនៃការបែងចែកផលលាភនៃកំណើនសេដ្ឋកិច្ច ឱ្យមានសមធម៌ និងបរិយាប័ន្ន ផងដែរ ៕
ប្រភព៖ AKP