កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃ ទី២២ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានជប៉ុននៅក្នុងប្រទេសជប៉ុននាខែធ្នូខាងមុខនេះ សម្តេចសង្ឃឹមថា នឹងមានជំនួបពិភាក្សាទ្វេភាគីដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែជោគជ័យផងដែរ។
សម្តេចធិបតីមានប្រសាសន៍ថា ជប៉ុនជាមិត្តសំខាន់មួយរបស់កម្ពុជា ជានិច្ចកាលតែងតែផ្ដល់ការគាំទ្រតាមរយៈការផ្ដល់ឥណទាន សម្បទាននិង ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសជាច្រើនសម្រាប់អភិវឌ្ឍន៍នៅកម្ពុជា។ការជួយគាំទ្រពីមិត្តជប៉ុននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវនិងស្ពានពិតជាបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ពីព្រោះរាជរដ្ឋាភិបាលមា នជំនឿយ៉ាងមុតមាំថា ការកសាងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចហើយក៏ជាយុទ្ធសាស្ត្រនៃការបែងចែកផលលាភនៃកំណើនសេដ្ឋកិច្ចឱ្យមានសមធម៌និងបរិយាបន្នផងដែរ។
សម្តេចបន្តថា ក្នុងន័យនេះសម្តេចសង្ឃឹមថា រាជរដ្ឋាភិបាលជប៉ុននឹងផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយក៏សង្ឃឹមថា ប្រទេសទាំងពីរនឹងមានកម្មវិធីផ្លាស់ប្ដូរចំណេះដឹង ជំនាញបទពិសោធន៍និបច្ចេកវិទ្យា លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនដើម្បីឱ្យកម្ពុជាអាចរៀនសូត្រពីជប៉ុនក្នុងការអភិវឌ្ឍនិងការគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានគុណភាពល្អប្រសើរឡើង។
សម្តេចធិបតីថ្លែងក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ“កំណាត់ផ្លូវជាតិលេខ៥ចាប់ពីព្រែកក្ដាមទៅដល់បាត់ដំបងប្រវែងសរុបជាង២៤៦គីឡូម៉ែត្រនិងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ចាប់ពីសិរីសោភ័ណទៅដល់ប៉ោយប៉ែតប្រវែងជាង៣៥ គីឡូម៉ែត្រ ”ក្រោមឥណទានសម្បទានពីរដ្ឋាភិ បាលនៃប្រទេសជប៉ុន៕
ប្រភព៖ AKP