Home សង្គម វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៣០០នាក់

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៣០០នាក់

0

សៀមរាប៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈ ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យដឹងកាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះថា សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣-២០២៤ វិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ ១០០% ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យចំនួន ៣០០នាក់ ឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន ៦ជំនាញក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ដោយសិក្សារយៈពេល៤ខែ។

ក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ» កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្ននេះ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈមានចំនួនសរុប ៣២៥គ្រឹះស្ថាន ដោយក្នុងនោះ គ្រឹះស្ថានសាធារណៈ ដែលស្ថិតក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន៣៧ និងគ្រឹះស្ថាននៃវិស័យឯកជន និងអង្គការនានាដែល បានចុះបញ្ជីនៅមន្ទីរ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៩៨គ្រឹះស្ថាន បានផ្ដល់ការបណ្ដុះបណ្ដាលទាំង រយៈពេលខ្លី និងវែងដល់យុវជនបានជាមធ្យមប្រមាណ ៦០.០០០នាក់ក្នុង ១ឆ្នាំ និងការហ្វឹកហ្វឺនកូនជាងជាមធ្យមបានប្រមាណជាង ២០.០០០នាក់ក្នុង ១ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «ក្នុងចំណោមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈក្រោម ឱវាទក្រសួង ទាំង៣៧ នោះ គឺមានចំនួន៣១ បានទទួលវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដារអន្តរជាតិ ISO 9001:2015»។

គួរបញ្ជាក់ថា សិស្សដែលទទួលការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាបនឹងត្រូវចុះកម្មសិក្សានៅតាមសហគ្រាស និងធ្វើការងារក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល។

ជំនាញទាំង៦ ដែលវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់ជូនដល់យុវជនកម្ពុជានោះរួមមាន ការដំឡើង បណ្តាញអគ្គិសនីក្នុងអគារ ការដំឡើង និងថែទាំកាម៉េរាសុវត្ថិភាព, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការងារកំបោរ ការដំឡើង បណ្តាញបំពង់ទឹក និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ៕

ប្រភព៖ AKP

Previous articleក្រុមអ្នកអភិរក្សរបស់អង្គការ USAID មរតកបៃតង បានប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ជិតផុតពូជនៅស្រុកសៀមប៉ាង
Next articleMan Utd ចង់បាន Joao Neves ប៉ុន្តែកុំមើលតម្លៃលក់អោយសោះ