សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មិនអាចប្រព្រឹត្តទៅបានឡើយ បើគ្មានគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន និង មិត្តចិន

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ មិនអាចប្រព្រឹត្តទៅបានឡើយ បើយើងគ្មានពហុកីឡាដ្ឋានមរតកតេជោដ៏ធំស្កឹមស្កៃជាប្រវត្តិសាស្ត្រ។ ពហុកីឡាដ្ឋាននេះជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្ដម ស៊ី ជិនពីង(Xi jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ថ្លែងថា«ប្រសិនបើគ្មានការជួយគាំទ្រពីរដ្ឋាភិបាលចិននៅក្នុងការកសាងពហុកីឡាដ្ឋាននេះ យើងក៏ពុំមានលទ្ធភាពគ្រប់គ្រាន់ការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះផងដែរ។ នៅក្នុងន័យនេះ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិននិងប្រជាជនចិនដែលចាត់ទុកកម្ពុជា ជាមិត្តដែកថែប មិត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងតែងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងសំដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យរួមទាំងវិស័យកីឡាផងដែរ»។


សម្ដេចធិបតី សូមអរគុណចំពោះបណ្ដាប្រទេសជាមិត្តទាំងអស់ដែលបានចូលរួមនៅក្នុងការជួយដល់កម្ពុជា ទាំងផ្នែកបច្ចេកទេស និងគ្រប់ផ្នែកទាំងអស់ ក៏ដូចជាបណ្ដាប្រទេសអាស៊ានទាំងអស់ដែលបានដឹកនាំកីឡាករ កីឡាការិនី មកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានដោយជោគជ័យ ឈរលើមិត្តភាពនិងកិច្ចសកិច្ចសហប្រតិបត្តិការខ្ពស់៕

ប្រភព៖ AKP