ភ្នំពេញ៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះសរុប៩០នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ក្រោយសម្រេចបាន នូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កងកម្លាំងដែលមកដល់មាតុភូមិទាំងពីរកងនេះ ក្នុងនោះ ៦៧នាក់ ជាកងកម្លាំងវិស្វកម្ម ព្រលានយន្តហោះលេខ៧២៩ ដែលបានបំពេញបេសកកម្មនៅតំបន់គីដាល់ និងចំនួន ២៣នាក់ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ ដែលបានបំពេញបេសកកម្មនៅទីក្រុងហ្គាវ នៃសាធារណរដ្ឋម៉ាលី។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បាននាំការសាកសួរ សុខទុក្ខរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការវិលត្រឡប់ប្រកប ដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច នៅក្នុងប្រទេស ដែលហួងហែងដោយសារតែភ្លើងសង្គ្រោមដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ។
ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា កងកម្លាំងទាំង២កងនេះ បានចូលរួមអនុវត្តន៍ បំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមជាមួយនឹងលទ្ធផល គួរជាទីមោទនថ្មីៗបន្ថែមទៀត៕
ប្រភព៖ AKP