កណ្តាល៖ ថ្លែងក្នុងកិច្ចប្រជុំត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ខេត្តគ្រោងបញ្ជូនទូកចំនួន ១០១ទូក ទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើនៅរាជធានីភ្នំពេញ ក្នុងនោះមានទូកពិសេសចំនួន ២២ទូក ខណៈដែលមានក្នុងពិធីនេះនឹងមានទូកចូលរួមសរុបប្រមាណជាង ៣៣៨ទូក ។
ក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្តកណ្តាល បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុកដែលមានទូកចូលរួមប្រណាំង ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការមើលថែទាំសុខុមាលភាព, សុខសុវត្ថិភាព, ការស្នាក់នៅ, និងការហូបចុក ជូនដល់កីឡាករ កីឡាករនី ឱ្យបានល្អបំផុត ជាពិសេសត្រូវមានវត្តមាន ដើម្បីជួយឧបត្ថម្ភគាំទ្រ មើលការខុសត្រូវ ឱ្យបានជាប់ជាប្រចាំជាមួយកីឡាករ កីឡាករនីផងដែរ ។
ឯកឧត្ដមអភិបាលខេត្ត បានក្រើនរម្លឹក អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធត្រូវផ្សព្វផ្សាយនូវរាល់បទបញ្ជាផ្ទៃ ដែលគណៈកម្មធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានកំណត់ និងត្រូវអប់រំណែនាំបន្ថែមដល់កីឡាករ-កីឡាករនីទាំងអស់ត្រូវតែមានវិន័យ, សេចក្ដីថ្លៃថ្លូរ, ទូកត្រូវមានសោភណភាព, គ្រប់កីឡាករ-កីឡាករនី ត្រូវមានឯកសណ្ឋានសមរម្យ, គ្រប់ចំណុះទូកត្រូវធ្វើការប្រកួតឱ្យអស់ពីសមត្ថភាព មិនត្រូវបោះបង់ចោលការប្រកួតឡើយ ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានប្រវត្តិតាំងពីបុរាណដ៏យូរលង់មកហើយ ៕
ប្រភព៖ AKP