សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ពិនិត្យមើលលើការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ ចែកឱ្យដាច់ពីគ្នារវាងតំបន់បៃតង តំបន់អាជីវកម្ម និងតំបន់កម្សាន្តសប្បាយ

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលលើការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដាក់ឱ្យដាច់ៗពីគ្នា ក្នុងការចែកទៅជាតំបន់បៃតង តំបន់អាជីវកម្ម តំបន់ពាណិជ្ជកម្ម និងតំបន់កម្សាន្តសប្បាយនោះ។ ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំក្រុងរបស់យើងជាកិច្ចការសំខាន់ ហើយកន្លងទៅយើងធ្វើបានច្រើន ក្នុងនោះគណៈអភិបាលរាជធានីភ្នំពេញក៏បានកែសម្រួលជាច្រើនហើយ ស្របជាមួយនឹងការរីកចម្រើន កន្លែងខ្លះទីផ្សារដើរមុនហើយយើងកែសម្រួលតាមក្រោយទៅ សម្រាប់អាជីវកម្មដែលមានស្រាប់ជួនកាលប៉ះពាល់ផងដែរ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា តំបន់អភិវឌ្ឍន៍នេះ ទៅអនាគត ជាពិសេសតំបន់ថ្មី  និងតំបន់បៃតង ដែលនៅក្នុងតំបន់ទាំងនោះគួរមានកន្លែងបៃតងប៉ុន្មានភាគរយ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា រាជធានីភ្នំពេញគឺមានទំហំធំ ប៉ុន្តែធំមិនទាន់អស់សក្តានុពលនោះទេ នៅមានរីកថែមទៀត ដើម្បីស្រូបទាំងចំនួនមនុស្ស និងដី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំបានឱ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ពិនិត្យមើលតំបន់ Zoning ផង Zoning បានន័យថាម៉េច បានន័យថា តំបន់ណាដែលអភិវឌ្ឍន៍ថ្មីជាពិសេស បើកន្លែងហ្នឹងទុកជាកន្លែងស្នាក់នៅរបស់ប្រជាពលរដ្ឋ តំបន់រីស៊ីឌិនសល ផ្ទះរស់នៅ សូមកុំឱ្យមានគឺថាការបើកនូវអាជីវកម្មអី ដែលមានការប៉ះពាល់រំខាន។ កុំឱ្យតែបើកៗ ពេលយប់ឡើងស្រាប់តែ ៣ឆ្នាំក្រោយចេញប៊ៀហ្គាឌិន នៅក្បែរហ្នឹង។ ទុកតំបន់ដែលអភិវឌ្ឍន៍ពាណិជ្ជកម្មហ្នឹងនៅម្ដុំទៅ ហ្ស៊ូនណា នៅតាមហ្នឹងតែម្ដង។ ជាពិសេសនៅតំបន់អភិវឌ្ឍន៍ថ្មី ក្រុងតំបន់រណបថ្មីរបស់យើង»។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា មានប្រជាពលរដ្ឋជាច្រើនសុខចិត្តទិញផ្ទះនៅក្នុងបុរី ដែលមានតម្លៃថ្លៃ ព្រោះផ្ទះនោះមានលក្ខណៈងាយស្រួលក្នុងការរស់នៅ ដូចជា មានផ្លូវធំ ហើយតំបន់រស់នៅជាកន្លែងបៃតង និងតំបន់អាជីវកម្ម ដែលនៅដាច់ពីគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ «តំបន់ណាដែលចូលទៅមិនចាំបាច់បុរីទេ តំបន់ភូមិ ឃុំ តំបន់សង្កាត់ណាក៏ដោយ សម្រាប់ផ្លូវណាធ្វើអាជីវកម្ម ផ្លូវហ្នឹងអាជីវកម្មបូក១ បូក២ទៅ ក្រៅពីនោះយើងទុកឱ្យស្នាក់នៅ ឬមួយអាជីវកម្មបែបណាដែលមិនរំខាន។ ដូចជាកន្លែងលក់២៤ម៉ោង ដូចជាម៉ាតអីហ្នឹង ឬមួយហាងអ៊ុតសក់អីហ្នឹង អត់មានរំខានទេ តែបើបើកហាងក្ដួងក្ដាំង ដាក់ទៅកន្លែងសប្បាយម្ដុំទៅ៕

ប្រភព៖ AKP