ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចនូវសមិទ្ធផលថ្មីមួយទៀត គឺស្ថានីយ ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានបញ្ចប់ ការងារសាងសង់ ១០០ភាគរយហើយ ដោយមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ចំនួន៥០០០ ម៉ែត្រគុបក្នុង១ថ្ងៃ។
តាមការបញ្ជាក់ឱ្យដឹង ពីមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅ ថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅ
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ៤៦៨ ម៉ែត្រគុប ក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាងបង្ហូរទឹកបូម ចេញពីស្ថានីយ បូមទឹកបឹងត្របែក។
ស្ថានីយនេះ ក៏មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ម៉ែត្រ សម្រាប់ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់ មកស្ថានីយ ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពីសំណង់ បូមបញ្ជូនទឹកកខ្វក់ឆ្ពោះទៅស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ (Sewage Treatment Plant) មានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៥០០០ ម៉ែត្រគុបក្នុងមួយថ្ងៃ លើផ្ទៃដីស្ដុបទឹកកខ្វក់ទំហំ ៣ ហិកតា ក្នុងផ្ទៃបឹងបម្រុង ទុកប្រមាណ១៩ ហិកតា ស្ថិតនៅជាប់មហាវិថី អ្នកឧកញ៉ាមហា ភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាលបានកាត់ឆ្កៀល សម្រាប់សាងសង់ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។
ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តិកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយ ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯកបន្ថែម ទៀតផងដែរ។
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥត សំណងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩៕
ប្រភព៖ AKP