រដ្ឋមន្រ្ដីក្រសួងព័ត៌មានលើកឡើងថា ការផ្សាយជាភាសាចិនតាមរយៈវិទ្យុមិត្តភាពកម្ពុជា-ចិន ផ្តល់ឱកាសច្រើនដល់ប្រជាជនកម្ពុជា និងអ្នកវិនិយោគិន និងអ្នកទេសចរចិន ដែលបានរកស៊ីនៅកម្ពុជា

0

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ការផ្សាយជាភាសាចិនតាមរយៈវិទ្យុមិត្តភាពកម្ពុជា-ចិន បានផ្តល់ឱកាសច្រើនដល់ប្រជាជនកម្ពុជា ដែលរៀនភាសាចិនអាចស្តាប់ព័ត៌មានជាភាសាចិនបាន ជាពិសេសអ្នកវិនិយោគិន និងអ្នកទេសចរចិន ដែលបានមករកស៊ី និងដើរលេងកម្សាន្ត គឺអាចទទួលបានព័ត៌មានសំខាន់ៗពីការផ្សាយរបស់វិទ្យមិត្តភាពកម្ពុជា-ចិន។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយ CMG  នៃប្រទេសចិន ដឹកនាំដោយ អ្នកនាង Xu Xiaoxia អនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ក្រសួងព័ត៌មានកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយ CMG ប្រទេសចិន នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិទ្យុមិត្តភាពកម្ពុជា-ចិន ជាមួយនឹងក្រសួងព័ត៌មាន ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមទំនាក់ទំនងពី “មិត្តដែកថែប មកមិត្ត ត្បូងពេជ្រ“។ ក្នុងកិច្ចពិភាក្សារវាងភាគីទាំងពីរ ក៏បានផ្តោតជាសំខាន់កិច្ចសហប្រតិបត្តិការរវាង វិទ្យុមិត្តភាពចិន-កម្ពុជា ជាមួយក្រសួងព័ត៌មានកម្ពុជា ដែលមានកន្លងមក ហើយបន្តទៅមុខបន្ថែមទៀត ។
អ្នកនាង Xu Xiaoxia បានជម្រាបជូនថា CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រព័ន្ធផ្សាយ CGTN និង CCTV ។ អ្នកនាងបន្ដថា សម្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន គឺជាសាខាផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីនានា មកកាន់ប្រទេសកម្ពុជា តាមរយៈ CGTN ហើយដំណើរការ និងទំហំនៃការផ្សាយរបស់ CGTN មានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក ។

ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមក្រសួងព័ត៌មានកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ពិសេស CGTN ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យុជាតិកម្ពុជា និងក្រសួងព័ត៌មាន ដែលកិច្ចការងារនេះគឺមានសារៈសំខាន់ក្នុងការបង្កើតនូវខ្លឹមសារសម្រាប់ផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានគួសបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងផ្សព្វផ្សាយព័ត៌មាន ដែលមានសារៈសំខាន់ ដោយត្រូវធើ្វយ៉ាងណាឱ្យការផ្សាយជាភាសាចិន ផ្តោតលើព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យបងប្អូនជនជាតិស្តាប់បានយល់គ្នាទៅវិញទៅមកពីប្រពៃណី ទំនៀមទម្លាប់ និងការស់នៅប្រចាំថ្ងៃ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកឡើងផងដែរទាក់ទងនឹងវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបានផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀបទម្លាប់ វិស័យទេសចរណ៍ និងភាសាខ្មែរទៅដល់ប្រជាជនចិន បានដឹងបានឃើញច្បាស់ពីប្រទេសកម្ពុជា ។

ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានស្នើដល់ភាគីចិនជួយលើផ្នែកបច្ចេកទេស និង ឧបករណ៍ដើម្បីសម្រួលដល់ការផ្សព្វផ្សាយ ក៏ដូចជាស្នើខាងចិនឱ្យផ្សព្វផ្សាយពីបរិបទនៃការរស់នៅរបស់កម្ពុជា ប្រពៃណី វប្បធម៌ សម្បត្តិធម្មជាតិនៃកម្ពុជា ឱ្យបានច្រើនទៅប្រជាជនចិន ដើម្បីបានដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ។
អ្នកនាង Xu Xiaoxia បានថ្លែងអំណរគុណដល់កម្ពុជា ពិសេសក្រសួងព័ត៌មាន ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អកន្លងមក និងផែនការដែលត្រូវរួមគ្នាធ្វើទៅមុខទៀតដោយក្នុងនោះ ខាងវិទ្យុមិត្តភាពកម្ពុជា-ចិន បានលើកឡើងពីកម្មវិធីដែលនឹងត្រូវផ្សាយទៅប្រទេសចិននូវវប្បធម៌ចិន-ខ្មែរ ព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗនៅកម្ពុជាទៅដល់ប្រជាជនចិន។ ដូច្នេះ ខាងភាគីចិន ចង់ឱ្យមានការផ្លាស់ប្តូរនូវធនធានមនុស្សរវាងខ្មែរ-ចិន ចំនួនពីរនាក់ ដើម្បីសម្រួលក្នុងការផ្សាយព័ត៌មានបានកាន់តែច្រើនបន្ថែមទៀត ។

សូមជម្រាបជូនថា វិទ្យុមិត្តភាពកម្ពុជា-ចិន CCFR ត្រូវបានបង្កើតឡើងក្រុមកិច្ចសហប្រតិបត្តិការរវាងវិទ្យុជាតិកម្ពុជាជាមួយនឹងវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) ដោយមាន ការគាំទ្រពីក្រសួងព័ត៌មានកម្ពុជា ក្នុងគោលបំណងផ្លាស់ប្ដូរសិល្បៈ វប្បធម៌ និងព័ត៌មានរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រប់ជ្រុងជ្រោយ  និងរឹតចំណងមេត្រីភាពឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងជំរុញការយល់ដឹងពីគ្នានិងផ្សារភ្ជាប់ដួងចិត្តទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរចិន និងកម្ពុជា៕

ប្រភព៖ AKP