ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញសិក្សាគន្លងសម្រាប់រថយន្តក្រុងក្នុងតំបន់អភិវឌ្ឍកោះនរា កុំឱ្យកកស្ទះ ដើម្បីសម្រួលឱ្យបងប្អូនប្រជាពលរដ្ឋងាកមកប្រើសេវារថយន្តក្រុងសាធារណៈ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតីបាន ស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវពង្រឹងផ្ដល់សេវាដឹកជញ្ជូនផ្លូវគោករបស់រដ្ឋាករស្វយ័ត ក្នុងនោះត្រូវសិក្សាពង្រីកទីតាំងខ្សែរត់បន្ថែមឆ្លងកាត់តំបន់អភិវឌ្ឍកោះនរានិងទីក្រុងរណបកោះពេជ្រ និងតំបន់អភិវឌ្ឍថ្មី ដើម្បីបង្កើនការទាក់ទាញ ការនិយមប្រើប្រាស់មធ្យោបាយរួមនិងសម្រួលមធ្យោបាយធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នាថ្ងៃនេះ នឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយ ស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយព្រម ទាំងកាត់ បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតីបានមានប្រសាសន៍បន្ថែមថា សាលារាជធានីទើបនឹងបានរថយន្តក្រុងប៉ុន្មានគ្រឿងមកទៀត អាចនឹងសម្រួលគន្លងផ្លូវរត់តាមតំបន់អភិវឌ្ឍកោះនរា កោះពេជ្រកុំឱ្យស្ទះចរាចរ នឹងធ្វើឱ្យតំបន់នេះកាន់តែមានភាពងាយស្រួល៕
ប្រភព៖ AKP