ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា គ្មានការកែច្បាប់ណាមួយ ដើម្បីឱ្យជនបរទេសអាចទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិ ខ្លួននោះទេ ទោះបីមានចំណុចនេះ មានការពិភាក្សាស្នើសុំមកសម្តេចនាយករដ្ឋមន្រ្ដីក្តី។ ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុង ខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា ទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «នៅក្នុងវិស័យអចលនទ្រព្យ ខ្ញុំសូមបញ្ជាក់ចំណុចមួយកន្លងទៅមានការលើកយកនូវបញ្ហាដែរថា រដ្ឋាភិបាលផ្តើមកែច្បាប់ដើម្បីលក់ដីជូនជនបរទេស គោលគំនិតមានការស្នើសុំពិតមែន។ ការស្នើសុំនេះ មិនមែនដើម្បីមានគំនិតក្បត់ជាតិលក់ដីឱ្យបរទេសនោះទេ គឺមិនមែនទេគឺដើម្បីជួយសម្រួលឱ្យសេដ្ឋកិច្ចផ្នែកអចលនទ្រព្យបានដើរ ប៉ុន្តែរាជរដ្ឋាភិបាលអនុវត្តន៍ ហើយមិនគិតថា មិនមានការចាំបាច់សម្រាប់ជួយស្រោច ស្រង់ផ្នែកវិស័យអចលនទ្រព្យព្រោះថាវិស័យនេះជាង២០ឆ្នាំមកនេះបានរីកចម្រើនមកដល់ពេលនេះក៏ មានច្បាប់រដ្ឋធម្មនុញ្ញនិងមានលក្ខខ័ណ្ឌហាមឃាត់ដែរ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ដថា ទោះបីមិនមានកែច្បាប់ក្តី ក៏មានលក្ខ ខ័ណ្ឌជាច្រើនបានជួយដល់វិស័យអចលនទ្រព្យ ដែលក្នុងនោះឱ្យជនបរទេសមានសិទ្ធិទិញអចលន ទ្រព្យបាន ព្រោះកន្លងមកជនបរទេសមានសិទ្ធិទិញដោយវិនិយោគនៅក្នុងកម្រិតណាមួយដើម្បី បានសញ្ជាតិផ្អែកលើច្បាប់វិនិយោគកម្ពុជា។
សម្ដេចធិបតីបានលើកឡើងថា នៅកន្លែងខ្លះ ជនបរទេសអត់យកទេគាត់បានយកតំណាងជាខ្មែរជួយ និងមួយទៀតគាត់បង្កើតក្រុមហ៊ុន ដើម្បីតំណាងឱ្យគាត់ចុះឈ្មោះក្នុងស្រុក ប៉ុន្តែ ពេលខ្លះគាត់ចង់បានភាពកក់កៅ្ត ហើយយើងក៏បានផ្តល់ឱ្យគាត់ក្នុងរយៈពេលវែងដែរ គឺពី១៥ ឆ្នាំ ទៅ៥០ឆ្នាំ។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងទៀតថា៖ «មិនមែនថារាជរដ្ឋាភិបាលយើងធ្វើយ៉ាងនេះដើម្បីលក់ដីឱ្យបរទេសនោះទេ សូមបងប្អូនជ្រាប គឺជាលក្ខខណៈជួលដែលមានរយៈពេលវែង ហើយសិទ្ធិនៅតែជារបស់កម្ពុជាដដែល ហើយយើងនៅអនុវត្តន៍តាមច្បាប់រដ្ឋធម្មនុញ្ញដដែល ដែលមិនអនុញ្ញាតឱ្យទាំងរូបវន្តបុគ្គល នីតិបុគ្គលអាចក្លាយជាម្ចាស់លើដីធ្លីនៅក្នុងប្រទេសកម្ពុជានោះទេ»។ សម្តេចធិបតីបានបន្ថែមថាមានតែរូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទើបមានសិទ្ធិកាន់កាប់ដីធ្លីនៅក្នុងប្រទេសកម្ពុជា។ បញ្ហានេះ ដែលមានអ្នកខ្លះបកស្រាយដើម្បីចំណេញនយោបាយផងដែរ ដូច្នេះការដាក់ចេញគោលនយោបាយនេះដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលមានលក្ខខណៈលម្អិតមួយចំនួនចំពោះការគ្រប់លក្ខខណ្ឌដែលអាចជួលដីធ្លីនៅកន្លែងណាខ្លះ ហើយតើចម្ងាយប៉ុន្មានពីព្រំដែនដែលអនុញ្ញាត ដែលបងប្អូនមួយចំនួនបានព្រួយបារម្ភ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា៖ «យើងនឹងធ្វើលក្ខខ័ណ្ឌមួយចំនួនជួយវិស័យសេដ្ឋកិច្ច ប៉ុន្តែក៏ជួយដល់ប្រជាជនយើងដែរ។ កិច្ចការនេះយើងយកចិត្តទុកដាក់ណាស់ ដោយកុំឱ ត្រីរស់ក៏រួច ទន្សាយក៏រួច។ ពិតណាស់អ្វីដែលយើងធ្វើគឺដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងដែលនឹងត្រូវកើនឡើងនៅពេលខាងមុខជាបន្តបន្ទាប់»៕
ប្រភព៖ AKP