សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការអភិវឌ្ឍតំបន់កោះនរាផ្ដល់ប្រយោជន៍ និងចែកផលលាភដល់ដៃប្រជាពលរដ្ឋទូទៅតាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការអភិវឌ្ឍតំបន់កោះនរា មិនមែនត្រឹមតែផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជននោះទេតែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភដល់ដៃប្រជាពលរដ្ឋទូទៅ តាមរយៈការបង្កើតសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផលិតភាពការងារ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា ទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ហើយរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា ការអភិវឌ្ឍនេះ នឹងជំរុញកំណើនសេដ្ឋ កិច្ចដែលជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ១ រហូតដល់ស្ពានអ្នកលឿង និងឃើញផ្លែផ្កាដែលបានកើតចេញពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការអភិវឌ្ឍតំបន់កោះនរានេះគឺដើម្បីឱ្យក្លាយជាតំ   បន់មានសកម្មភាពសេដ្ឋកិច្ចដូចទៅនឹងការអភិវឌ្ឍតំបន់កោះពេជ្រដែរ ដែលនឹងមានផ្សារទំនើប លំនៅឋាន ការិយាល័យធ្វើការ និងសួនកម្សាន្ដសម្រាប់ប្រជាពលរដ្ឋថែមទៀត។

សម្តេចធិបតីបានបន្ថែមថា ការអភិវឌ្ឍដែលមានន័យបំផុតគឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ មិនមែនផ្ដល់តែសម្រាប់ ក្រុមហ៊ុន OCIC ទេ។ ការអភិវឌ្ឍតំបន់កោះនរា ក៏ដូចជាតំបន់ផ្សេងៗទៀតគឺជាការអភិវឌ្ឍពិតប្រាកដដែលបានផ្ដល់ផលលាភដល់ប្រជាពលរដ្ឋ៕

ប្រភព៖ AKP